រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាពោធិរស់​ ក្នុងឃុំបាសាក់​ ស្រុកស្វាយជ្រំ​

  • 256
  • ដោយ Admin

​នាព្រឹកថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាពោធិរស់ ស្ថិតនៅភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំបាសាក់ ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបវត្តមានប្រមាណ ៧៦៧នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបាននាំនូវក្ដីនឹករលឹក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះ ។

ឯកឧត្តមបន្តថា ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត សូមថ្លែងនូវក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៣បន្ទប់ នៅក្នុងបរិវេណសាលាបឋមសិក្សាពោធិរស់ និងសមិទ្ធផលនានានៅឃុំបាសាក់នាឱកាសនេះដែលជាការរួមចំណែកចូលរួមឧបត្ថម្ភការសាងសង់ពីក្រុមប្រឹក្សាឃុំ និងជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន និងក្រុមការងារចុះជួយឃុំ ក្រោមការផ្ដួចផ្ដើម និងសម្របសម្រួលដឹកនាំពីសំណាក់លោកជំទាវ វង់ មយូរា ប្រធានក្រុមការងារចុះជួយឃុំបាសាក់។ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗសិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត ។ ទន្ទឹមនេះ សូមស្នើលោកគ្រូ អ្នកគ្រូទាំងអស់ ជួយបង្កើនការអប់រំ និងផ្សព្វផ្សាយដល់សិស្សឲ្យមានការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀនគ្រប់កម្រិត ជួយបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងសហគមន៍ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។

ដោយឡែក មាតា បិតា អាណាព្យាបាល ក៏សូមជួយអប់រំ ជំរុញ និងតាមដានការសិក្សារៀនសូត្ររបស់កូនចៅខ្លួនឲ្យបានជាប់ជាប្រចាំផងដែរ ។ ម្យ៉ាងទៀត សូមបន្តពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩ ជាពិសេសវិធានការ ៣កុំ ៣ការពារ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែសកម្ម ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ឲ្យបានកាន់តែរឹងមាំថែមទៀត ដែលបច្ចុប្បន្ន ខេត្តរបស់យើងក៏កំពុងបន្តចាក់ដូសមូលដ្ឋាន រហូតដល់ដូសទី៥ និងបន្ថែមដូសទី៦ ដល់ប្រជាពលរដ្ឋ និងកុមារចាប់ពី៣ឆ្នាំឡើងទៅ។

ជាចុងបញ្ចប់នៃពិធីនេះឯកឧត្តមអភិបាលខេត្ត បាននាំមកនូវអំណោយនិងថិកាឧបត្ថម្ភពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថវិកាលោកជំទាវ វង់ មយូរា ប្រធានក្រុមការងារចុះជួយឃុំបាសាក់ ព្រមទាំងសមាជិកក្រុមការងារទាំងអស់ចំនួន ២០លានរៀល សម្រាប់ជួសជុលអាគារសាលាសិក្សាមួយខ្នងទៀត និងថវិការបស់រដ្ឋបាលខេត្តស្វាយរៀងចំនួន ២០លានរៀល សម្រាប់ផ្ដល់ជូនដល់ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាសរុប ១២នាក់ ក្នុងម្នាក់ថវិកា ៣០.០០០រៀល,សិស្សានុសិស្ស ១៤១នាក់ ក្នុងម្នាក់ៗ កាតាប ១ សម្ភារសិក្សា ១កំប្លេ និងថវិកា ៣.០០០រៀល,បុគ្គលិកមណ្ឌលសុខភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០រៀល,​ចាស់ជរាគ្មានទីពឹង និងអ្នកពិការ ២៤នាក់ ក្នុងម្នាក់ៗ អង្ករ ២៥គ.ក្រ មីម៉ាម៉ា ១កេស ទឹកត្រី ១យូរ ត្រីខ ១ឡូ សាប៊ូម្សៅ ០,៥គ.ក្រ និងថវិកា ២០.០០០រៀល,​ ប្រជាពលរដ្ឋ ៤២៣នាក់ ប្រជាការពារ ១២នាក់ នគរបាលបុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិ សរុប ១៥នាក់ បេក្ខជនបម្រុង ៩នាក់ ក្រុមប្រឹក្សាឃុំមិនឈរឈ្មោះ ២នាក់ សមាគមនារី ៦នាក់ យុវជនស.ស.យ.ក ២០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០រៀល,ក្រុមសម្របសម្រួល ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល និងក្រុមការងារស្រុក ១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៦០.០០០រៀល ផងដែរ។

អត្ថបទទាក់ទង