រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចុះសួរសុខទុក្ខកសិករគំរូ នៅក្នុងក្រុមបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ

  • 1.0ពាន់
  • ដោយ Admin

នារសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ចុះជួបសំណេះសំណាលជាមួយ លោក ធាន សុវណ្ណា ដែលកសិករគំរូ នៅក្នុងក្រុមបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិតនាឱកាសនោះក៏មានដែរវត្តមានលោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរចំពោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដែលបានយកចិត្តទុកដាក់លើផ្នែកកសិកម្ម ដែលបានបណ្តុះបណ្តាលជំនាញ និងបានផ្តល់គ្រាប់ពូជក្នុងការជួយឧបត្ថម្ភគាំទ្រដល់កសិករនៅតាមបណ្តាសហគមន៍ ក៏ដូចជា លោក ធាន សុវណ្ណា ដែលបានអភិវឌ្ឍន៍ខ្លួនពីកសិករធម្មតា រហូតក្លាយទៅជាកសិករគំរូដាំបន្លែអាជីព ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការផលិតផ្នែកកសិកម្ម ក្នុងការដាំដុះ និងចញ្ចឹមសត្វ ជាដើម។ល។ ក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាតត្បាតនៅលើពិភពលោក ។

ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ បង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើនៅមូលដ្ឋាន និងកាត់បន្ថយការធ្វើចំណាកស្រុក លោកជំទាវក៏បានអំពាវនាវ សូមឲ្យប្រជាកសិករគ្រប់រូបត្រូវរួមគ្នាខិតខំដាំដុះបន្លែសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ កុំទុកដីឱ្យនៅទំនេរឥតប្រយោជន៍ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រមទាំងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោយ រួមមាន ៖ ក្រម៉ា ១ សាប៊ូ ១ប្រអប់ សារ៉ុង ១ គ្រាប់ពូជ និងថវិកាមួយចំនួនចែកជូនដល់ប្រជាកសិករផងដែរ ៕

អត្ថបទទាក់ទង