រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

  • 898
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុង ខេត្តស្វាយរៀងទាំងអស់ ដែលកន្លងមកបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមផ្ដល់ជាប្រយោជន៍ឆ្លើយតបទៅនឹងសេចក្ដី ត្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់នូវកិច្ចការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសយកចិត្តទុកដាក់ទៅលើកត្តាភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ ។
២.ត្រូវបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺគ្រុនផ្តាសសាយបក្សី ដូចជាការរឹតបន្តឹងនៅតាមច្រកទ្វានានាជាមួយប្រទេសជិតខាង។
៣. ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងការថែរក្សាទឹកទុកប្រើប្រាស់ ខណៈពេលដែលបញ្ហា អាកាសធាតុកំពុងកើនឡើងកម្តៅ។
៤. ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត ។
៥.រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈក្នុងការសហការរៀបចំពិធីសង្ក្រាន្តស្វាយរៀងដែលនឹងចូលមកដល់នៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ។
៦.មន្ទីរអង្គភាពនានាក្នុងខេត្តត្រូវត្រៀមលក្ខណៈរៀបចំទិវាសិទ្ធនារីអន្តរជាតិ៨មិនា ៕

អត្ថបទទាក់ទង