ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ចែកអំណោយមនុស្សធម៌របស់សាខា ទៅដល់ស្រ្តីទើបសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃអគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាផ្ដល់ជូនស្រ្តីទើបសម្រាលកូន ចំនួន ៤៣ នាក់ (ក្នុងនោះមានស្ត្រីម្នាក់សម្រាលបានកូនភ្លោះពីរ) ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើដល់ស្ត្រីក្រោយសម្រាលកូនទាំងអស់ត្រូវតែបោះបង់ចោលទម្លាប់ខ្មាស់អៀន ធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត កុំជក់បារីឬប្រើប្រាស់ថ្នាំជក់ ព្រមទាំងកុំពិសាស្រាឬ ជាតិស្រវឹងក្នុងពេលមានគភ៌ ហើយជាពិសេសត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដោយឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ។
អំណោយដែលបានផ្តល់សម្រាប់ម្តាយ ៤៣នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ១ ភួយ ១ ក្រមា ១ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ ថវិកា ៥០.០០០ រៀល សម្រាប់ទារក ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១ កំប្លេ ក្រណាត់ត្រីកោណ ១ ដុំ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្សៅកូនក្មេង ១ ដប ៕