រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្វាយរៀង

  • 849
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោកប្រធានមន្ទីរនានាជុំវិញខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកអធិការនគរបាលក្រុង លោកមេបញ្ចាការកងរាជអាវុហត្ថក្រុង លោកមេបញ្ជាការផ្នែកសឹករងក្រុង លោកនាយក-នាយករងរដ្ឋបាលសាលាក្រុង លោក លោកស្រី ប្រធាន-អនុប្រធាន-អង្គភាពចំណុះសាលាក្រុង ទាំង១៣​ លោក​ លោកស្រី ចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៧ក្នុងក្រុង លោកនាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ក្នុងក្រុង និងមន្ត្រីរាជការសាលាក្រុងសរុបវត្តមានចំនួន១១២នាក់ ។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយចាប់ផ្តើមអនុវត្តនៅថ្នាក់ ឃុំ សង្កាត់ តាមរយះការបោះឆ្នោតជ្រើសរើសក្រុុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២។ ផ្អែកលើបទពិសោធ និងលទ្ធផលវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរយះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលទាំងនេះ តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មក។

ឯកឧត្តមភិបាលខេត្តបន្តថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖
១-ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អោយចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយះការបោះឆ្នោត និងគោលការអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
២- លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
៣- លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេច ពាក់ព័ន្ធ និងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង