នៅព្រឹកថ្ងៃចន្ទ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្វាយជ្រំ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក មេបញ្ជាការរងផ្នែកសឹងរងស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក ការិយាល័យអង្គភាពជុំវិញស្រុក មេឃុំ ស្មៀនឃុំ ធនាគារអង្គការ សមាគមន៍ ជុំវិញស្រុក ។
ការដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកស្វាយជ្រំ នាព្រឹកនេះជាការចូលរួមចំណែកយ៉ាងជ្រាលជ្រៅមកលេីរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញដេីម្បីបង្កេីននិងជំរុញ និងធ្វេីឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងគោលនយោយបាយកំនែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅដល់ពង្រឹងអង្គភាពរបស់រដ្ឋ ដេីម្បីសម្របសម្រួលនូវរាល់សកម្មភាពសាធារណៈនៅលេីដែនដីរបស់ខ្លួន ។
ការផ្លាស់ប្តូរនូវខ្សែរគណនេយ្យ និងរបៀបរបបនៃការបំពេញការងារមានន័យថារដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួនត្រូវដេីរតួនាទីក្នុងការសម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហេីយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។