នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីអបអរសាទរស្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅសកម្មភាពការងារឆ្នាំសិក្សា២០១៩-២០២០ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីប្រតិភូក្រសួងអប់រំយុវជន និងកីឡា កងកម្លាំងទាំង៣ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអភិបាលរងក្រុងស្វាយរៀង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨ លោក លោកស្រីនាយក នាយិកា នាយករងវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា នៅទូទាំងក្រុងស្រុកទាំង៨ លោក លោកស្រីមន្ត្រី នៃមន្ទីរ អប់រំយុវជន និងកីឡា ខេត្ត លោក លោកស្រីតំណាងអង្គការដៃគូពាក់ព័ន្ធនានា ។
នាឱកាសនោះឯកឧត្ដមអភិបាលរងខេត្តបានមានប្រសាសន៍ជូនអង្គសន្និបាតថា វិស័យអប់រំ ជាវិស័យមួយយ៉ាងសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងការសម្រេចនូវផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្ដោតសំខាន់មាន”មនុស្ស ទឹក ផ្លូវ ភ្លើង” ម្យ៉ាងទៀតបានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ជួយណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ការសេពគប់មិត្តភក្ដិមិនល្អ ហើយជំរុញដល់អង្គភាពពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ក្នុងការប្រមូលកុមារដល់វ័យសិក្សា ឲ្យចូលរៀនបានច្រើនជាអតិប្បរមាទាំងនៅទីប្រជុំជន និងនៅទីជនបទ ចាប់តាំងពីមត្តេយ្យសិក្សាឡើងទៅ និងរក្សាបាននៅស្ថិរភាពសិស្ស ឲ្យបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា និងបន្តចូលរៀនរហូតដល់បញ្ចប់ឧត្ដមសិក្សា ។ បន្តជំរុញ និងត្រូវខិតខំបន្តកែលម្អបរិស្ថានសាលារៀនឲ្យក្លាយជាសាលាមេត្រីភាពបរិស្ថាន មានបរិយាកាសមនោរម្យ ដើម្បីទាក់ទាញកុមារឲ្យចាប់អារម្មណ៍ និងមានចិត្តចង់ទៅសាលារៀន ។ ទន្ទឹមនឹងការយកចិត្តដាក់លើបរិមាណ យើងក៏ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀតទៅលើគុណភាពអប់រំ ប្រកបដោយគណនេយ្យភាព។ ជាការពិតណាស់ការពង្រឹងគុណភាពអប់រំ វាមានហេតុផលពាក់ព័ន្ធទៅនឹងកត្តាជាច្រើនដូចជា កត្តាគ្រូនិងសិស្ស កត្តាការគ្រប់គ្រង ដឹកនាំ គឺជាកត្តាសំខាន់ដែល ដូចពាក្យស្លោកមួយពោលថា”គ្រូល្អ សិស្សល្អ គ្រូពូកែ សិស្សពូកែ នាយកល្អ សាលាល្អ” ដែលកត្តាំទាំងអស់នេះត្រូវចាប់អារម្មណ៍ និងខិតខំសម្រេចឲ្យបានល្អប្រសើរ ព្រមទាំងបានជំរុញដល់ លោកគ្រូ អ្នកគ្រូដែលទទួលបានជ័យលាភី ការប្រកួតប្រជែង សូមបន្តឲ្យបានផុលផុសនូវសកម្មភាពប្រឡងប្រណាំងដើម្បីក្លាយជាសាលាគំរូ នៅទូទាំងខេត្ត។