រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចន្ទ្រា

  • 990
  • ដោយ Admin

ទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចន្ទ្រា

(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយមានការចូលរួមជាអធិបតីពីលោកជំទាវ ឯក សុវណ្ណភារះ អភិបាលរងខេត្តស្វាយរៀង និងលោកស្រីអភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី តំណាងអង្គការ ឆាលហ្វាន់ និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ ។

លោកជំទាវឯកសុវណ្ណភារះ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា: ទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៣ ជាទិវាមួយ ក្នុងចំណោមអាទិភាពជាច្រើនសម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាការលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរមនុស្ស ព្រោះថាអំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋដែលជនល្មើសជួញដូរមនុស្ស បានប្រើប្រាស់គ្រប់កលល្បិច ដើម្បីកេងប្រវ័ញ្ចរំលោភបំពានលើមនុស្ស ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្សដែលចង់រស់រៀនជួបជុំគ្រួសារ និងសេចក្តីសុខ ដោយរដ្ឋបាលខេត្តនឹងបន្តការប្ដេជ្ញាចិត្តខ្ពស់ រិះរកគ្រប់វិធានការ និងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនានា ដើម្បីការពារប្រជាពលរដ្ឋ ពីបទល្មើសដ៍ស្មុគស្មាញនេះ។

ជំរុញអនុវត្តយុទ្ធសាស្ត្រទាំង៤ របស់ផែនការជាតិមានជាអាទិ៍ ការងារបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវបន្ថែមថាទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយុទ្ធនាការ ដ៏ទូលំទូលាយសម្រាប់ការផ្សព្វផ្សាយការយល់ដឹង អំពើជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រចាំឆ្នាំ ក៏ដូចជាវេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិចូលរួមសហការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិ ពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាពទៅលើមនុស្ស ។

ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ស្ថាប័ន អយ្យការ តុលាការ កងកម្លាំងគ្រប់ប្រភេទ ក៍ដូចជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងវិស័យឯកជន តែងតែរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាត ទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនស្របតាមទិសដៅ នៃគោលនយោបាយជាតិ និងការប្តេជ្ញា ចិត្តរបស់រាជរដ្ឋាភិបាល។

លោកជំទាវក៏ សូមអំពាវនាវ និងប្រកាសជាឱឡារិកក្នុងទិវាជាតិលើកទី១៣ នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ បន្តយុទ្ធនាការប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីឱ្យប្រជាជនកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខដុម រមនា ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីរួមគ្នាបង្ក្រាបអំពើជួញដូរមនុស្សគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយ ឈានទៅលប់បំបាត់បទល្មើសទាំងឡាយនៅកម្ពុជា ទទួលបានភាពសុខសាន្តគ្មានអំពើរំលោភបំពាន និងអំពើជួញដូរមនុស្ស ។

លោកជំទាវមានសង្ឃឹមជឿជាក់ថា ការបា្ររព្ធទិវានៅថៃ្ងនេះជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយជាសាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ ព្រមទាំងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តស្វាយរៀង ដើម្បីអនុវត្តច្បាប់នេះ ឲ្យកាន់តែមានប្រសិទ្ធិភាព និងជោគជ័យថែមទៀត ដើម្បីប្រជាជននិងប្រទេសជាតិយើងផងដែរ ៕

អត្ថបទទាក់ទង