នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG-RWSSH តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបូកសរុបលទ្ធផលត្រីមាសទី៤ ឆ្នាំ២០១៩ និងលើកទិសដៅត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមការងារ (PWG-RWSSH) នឹងមានការចូលរួមពីឯកឧត្ដមបណ្ឌិតប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ តំណាងនាយកដ្ឋាននៃក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីអភិបាលរងស្រុក ក្រុង លោក លោកស្រីតំណាងអង្គការដែគូអភិវឌ្ឍន៍នានា សរុបអ្នកចូលរួមចំនួន ៤៤នាក់ ស្រី ១០នាក់។
កិច្ចប្រជុំថ្ងៃនេះ ប្រព្រឹត្តទៅក្រោមគោលបំណងសំខាន់ៗចំនួន ៤ធំសម្រាប់បន្តអោយបានODF100% ៖
ទី១ ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ត្រីមាសទី៤ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត ដែលបានអនុវត្តដោយរដ្ឋបាលក្រុង ស្រុក អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធ ។
ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងរវាងមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ។
ទី៣ ពិភាក្សាកំណត់យន្តការ ធ្វើផែនការសកម្មភាពសម្រាប់អនុវត្តន៍នូវត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមការងារPWG-RWSSH និងDWG-RWSSH ។
ទី៤ កំណត់ចំនួនភូមិ និងឃុំដែលនឹងសម្រេចបាន ODF 100% ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ។