នៅព្រឹកថ្ងៃសៅរ៍៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា-ព្រឹទ្ធសភា លោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយកក្រុមហ៊ុនសូយ៉ាង ដេខ័រេធីវឡៃធីង លោកប្រធានមន្ទីរ-អង្គភាពនានា តំណាងកងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីរាជការកម្មករកម្មការិនីជាច្រើននាក់ផងដែរ។
មានប្រសាន៍ទៅកាន់ពិធីនេះលោកឧបនាយករដ្ឋមន្រ្ដីបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកជំទាវបន្តថា ក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើងលើផ្ទៃដីដល់ទៅ ១១.៥ ហិកតា មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។ នេះពិតជាសមិទ្ធផល និងមោទនភាពរបស់ខេត្តស្វាយរៀងយើងដែលក្លាយជាមូលដ្ឋានឧស្សាហកម្មមួយ ជាមួយនឹងទុនវិនិយោគជាច្រើន គម្រោងនេះពិតជាផ្តល់ការងារដល់ពលករក្នុងស្រុក ផ្តល់ចំណូលជាពន្ធដារនានា រួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តស្វាយរៀងឱ្យកាន់តែជឿនលឿន ថែមទៀត។ នេះក៏ការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជាដែលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ រឹងមាំ និងការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
ទន្ទឹមនេះ ក្នុងរយៈពេលប្រហែល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើន សេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជន យើងមានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។ ដោយឡែក វិស័យឧស្សាហកម្ម ក៏កំពុងរីកចំរើនយ៉ាងខ្លាំង ដោយសារយើងមានគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង ផ្លូវទឹកដែលត្រូវបានស្ដារឡើងវិញឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នានៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរនិងដឹកជញ្ជូនកាន់តែងាយស្រួល ព្រោះខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា នៃប្រទេសកម្ពុជាដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះមានសក្តានុពលភាព ផ្នែកឧស្សាហកម្ម និងទីតាំងយុទ្ធសាស្រ្តដ៏ល្អ។
លោកជំទាវ ម៉ែន សំអន បានស្នើដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជាម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវាប្រកបដោយគុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះយូរអង្វែង។ ហើយការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល គឺត្រូវអភិវឌ្ឍជាអន្តរវិស័យរួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្តសាធារណៈ និងត្រូវធានាឲ្យបាននូវសន្ដិសុខ និងសណ្តាប់ធ្នាប់។ល។
លោកជំទាវក៏បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្ករលក្ខណៈងាយស្រួល និងជួយសម្រួលដល់អ្នកវនិយោគគិនគ្រប់បែបយ៉ាង ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មី៕