នៅព្រឹកអង្គារ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណ:អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅបរិវេណវត្តរោទិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
វេទិការនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគណៈអភិបាលស្រុកស្វាយកំពង់រោទិ៍ លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាខេត្ត សាលាស្រុក កងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំលោក លោកស្រីមេភូមិនានា និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន៣៥១នាក់ ។
ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព នៃការអភិវឌ្ឍរីកចម្រើនរួមមាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ដើម្បីផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយះការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា។
ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួនរបស់អាជ្ញាមូលដ្ឋាន និងប្រជាពលរដ្ឋ អង្គភាពជំនាញពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូនឡើយ។
ហេតុនេះ ក្នុងនាមក្រុមប្រឹក្សាខេត្តស្វាយរៀង នឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុង ស្រុក នៃខេត្តស្វាយរៀង ត្រូវបានបញ្ចប់ រាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍របស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕