១.អំពីស្រុកកំពង់រោទិ៍
១.១ ប្រវត្ដិស្រុកកំពង់រោទិ៍
តាមនិទានបានតំណាលថា កាលដើមឡើយ នៅតាមស្ទឹង ស្ថិតក្នុងតំបន់កំពង់រោទិ៍បច្ចុប្បន្ន សំបូរ ទៅដោយព្រែក បឹងបួរ ដែលមានសត្វក្រពើរស់នៅច្រើន ពិសេសកំពង់ ដែលអ្នកស្រុកចតទូក ឬសំពៅ មានសត្វក្រពើមានក្រពើមួយមានឬទ្ធិបារមីពូកែ ឬក្រពើអ្នកតា ដែលតែងតែមានសម្រែកនៅពេលថ្ងៃសីល ឬថ្ងៃឧបោសថតាមការចង់ដឹង ចង់ឃើញពីអ្នកស្រុក ហើយអ្នកស្រុកតែងតែបន់ស្រន់សុំសេចក្តីសុខគ្រប់ប្រការ ឬប្រាថ្នាអ្វីៗតាមការចង់បាន និងតែងមករំខាន និងយាយីដល់អ្នកស្រុក ដែលប្រកបរបរទទួលទានតាមផ្លូវទឹក ហេតុនេះ អ្នកស្រុកនាំគ្នាហៅថា កំពង់ក្រពើរោទិ៍ ក្រោយមកពាក្យនេះ
បានក្លាយជាតំបន់កំពង់រោទិ៍ រហូតបច្ចុប្បន្ន មានសាងរូបក្រពើ ជាភស្ដុតាងស្រាប់ ។ ទីតាំងក្រពើរោទិ៍នេះ ស្ថិតនៅបឹងមួយខាងកើតមន្ទីរស្រុក បច្ចុប្បន្នមានស្ពានឆ្លងកាត់ ។
១.២ ប្រវត្ដិទាក់ទងនឹងលាវខ្សែត្រកំពង់រោទិ៍
ហេតុដូចម្ដេចបានជាមានប្រជាជនលាវមួយចំនួន រស់នៅឃុំខ្សែត្រ ស្រុកកំពង់រោទិ៍? ក្នុងអំឡុងឆ្នាំ១៥៦០ ស្ដេចលាវបានល្បីថា ព្រះចៅក្រុងកម្ពុជាល្បីល្បាញខ្លាំងខាងមន្ដគាថានឹងការទាក់ដំរីស្របពេលដែលដំរីលាវមួយក្បាលភ្លុកស ពូកែខ្លាំង ទើបស្ដេចលាវ បានចាត់នាម៉ឺន ចំនួន ២នាក់ និងពលសេនា ចំនួន ១.២០០នាក់ មកល្បងស្ដេចខ្មែរជល់ដំរី និងមានសំណើភ្នាល់ដាក់នគរជាមួយផង ។ ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមមិន្ទររាជា បានជំនុំជាមួយព្រាហ្មបុរោហិត និងរាជគ្រូ ក្នុងព្រះរាជវាំងលង្វែក ពេលនោះ ព្រះអង្គបានសម្រេចព្រះទ័យថា ប្រសិនបើដំរីខ្មែរ ជល់ចាញ់ដំរីលាវ នឹងដាក់នគរជាចំណុះលាវ និងលើកព្រះសួយសារ បណ្ណាការទៅថ្វាយស្ដេចលាវ រីឯសេ្ដចលាវ ក៏យល់ព្រមដូចគ្នា បើជល់ចាញ់ដំរីខ្មែរ នឹងធ្វើការលក្ខខណ្ឌខាងលើដូចគ្នា ។ ក្រោយពីរដូវច្រូតកាត់រួច ការប្រជល់ដំរីប្រចាំនគរមួយត្រូវបានរៀបចំឡើងនៅទីលានប្រជល់ដំរី ក្រុងលង្វែក ដោយមានមហាជនកុះករចូលរួម ទស្សនា ។ ដំរី បានជល់គ្នាអស់រយៈពេល ២ថ្ងៃ ដំរីខ្មែរ បានទទួលជ័យជម្នះ ។ ព្រះមហាក្សត្រខ្មែរ បានឲ្យមន្រ្ដីលាវ ទាំងពីរនាក់ នាំដំណឹងនេះទៅទួលដល់ព្រះចៅស្ដេចលាវ ជ្រាបពីហេតុការណ៍ ។ ស្ដេចលាវ ទ្រង់ខ្ញាល់ខ្លាំងណាស់ ថាដំរីព្រះអង្គពូកែខ្លាំងណាស់ ពុំដែលមានដំរីណាអាចបង្រ្កាបបានឡើយ រាប់ទាំងសៀម ចិន មុងហ្គោលី និងអាណ្ណាមជាដើម ។ ហេតុដូចម្ដេចបានជាជល់ចាញ់ដំរីស្ដេចខ្មែរ? ដោយខ្វះការពិចារណារ ព្រះអង្គបានប្រជុំជាមួយមន្រ្ដី ថានឹងលើកទ័ពទៅបង្រ្កាបស្ដេចខ្មែរម្ដង ដើម្បីយកនគរនេះ ជាចំណុះឲ្យខាងតែបាន ។ នារដូវប្រាំងឆ្នាំ១៥៦០ ដដែលស្ដេចលាវ បានលើកទ័ពតាមផ្លូវគោក និង ផ្លូវទឹក (ទន្លេមេគង្គលើ) ឆ្ពោះទៅនគរខ្មែរ និងវាយសង្រ្គប់កងទ័ពខ្មែរ ឲ្យបាក់ទ័ពជាបន្ដបន្ទាប់ រហូតកងទ័ពទាំងពីរ បានតទល់គ្នាយ៉ាងខ្លាំងនៅខេត្ដសន្ទុក (កំពង់ធំសព្វថ្ងៃ) ដោយឃើញទ័ពលាវ មានប្រៀបលើទ័ពខ្មែរ ដូច្នេះ ព្រះមហាក្សត្រខ្មែរ ព្រះអង្គមានក្ដីបារម្ភយ៉ាងខ្លាំង ក៏សម្រេចព្រះទ័យលើកទ័ព ដោយផ្ទាល់ព្រះអង្គទៅតសឹកជាមួយកងទ័ពស្ដេចលាវ។ ចម្បាំងអស់ជាច្រើនថ្ងៃ កងទ័ពរបស់ ព្រះបាទបរមមិន្ទររាជា ក៏ទទួលជ័យជម្នះ លើកងទ័ពលាវ ។ កងទ័ពខ្មែរ បានចាប់ពលលាវ ជាឈ្លើយសឹកជាច្រើនម៉ឺននាក់ ។ រីឯស្ដេចលាវ បានដកទ័ពដែលនៅសេសសល់រត់ ត្រឡប់ទៅនគរវិញ ។ កងទ័ពខ្មែរបានដេញតាម រហូតដល់ខេត្ដចំប៉ាសាក់ និងបានកៀរយកប្រជាជនលាវ រួមជាមួយនឹងទ័ពដែលចាប់បានបញ្ជូនមករស់នៅក្នុងនគរខ្មែរជាច្រើន ដោយបែងចែកជាតំបន់ឆ្ងាយៗពីគ្នាដូចជា ៖
-បញ្ជូនទៅរស់នៅបារាយណ៍កំពង់ធំ ជាង ១.០០០នាក់ និងនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ជាង ២.០០០នាក់ និងខេត្ដស្វាយទាប (ឃុំខ្សែត្របច្ចុប្បន្ន) ជាង ៥.០០០នាក់ ចែកជាពីរតំបន់គឺ តំបន់ស្វាយទាប ឲ្យមេក្រុម ១នាក់ ឈ្មោះ សែត([1]) សម្រាប់គ្រប់គ្រង និងអំណឹះក្រោយមក បានហៅថាភូមិខ្សែត្ររហូតដល់បច្ចុប្បន្ន និងតំបន់មួយទៀត តំបន់ចក្រីកំពង់ត្របែក ។ ក្នុងអំឡុងពេលនោះ ភូមិលាវខ្សែត្រ ពុំមានប្រជាជនខ្មែររស់នៅច្រើនឡើយ តំបន់នោះជាវាលដីស្រែទំនេរ ហើយភូមិនេះ ស្ថិតក្រោមអំណាចស្ដេចត្រាញ់ នៃខេត្ដបាភ្នំ ពុំទាន់មានការបង្កើតខេត្ដស្វាយរៀងឡើយ ។ អ្នករាជការខ្មែរទៅទារកំណែនពន្ធដានានា បានហៅតមកថាភូមិខ្សែត្រ ឬស្រុកខ្សែត្រ ។ អំឡុងពេលរដ្ឋការបារាំងចុះរៀបចំឃុំ បារាំងបានបង្កើតជាឃុំខ្សែត្រ តរៀងរហូតដល់បច្ចុប្បន្ន ។
១.៣ ការរៀបចំ និងការបង្កើតស្រុកកំពង់រោទិ៍
នៅឆ្នាំ១៩៤៥ ទីប្រជុំជនកំពង់រោទិ៍ ត្រូវបានបង្កើតជាតំបន់រដ្ឋបាល និងដឹកនាំដោយ ឈ្មោះ ម៉ៅ ឃន។ ប៉ុន្តែ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៥៨ ទីប្រជុំជននេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមបង្កើតទៅជាស្រុកកំពង់រោទិ៍ ដោយតំបន់នេះត្រូវបានបំបែកចេញពីស្រុកស្វាយទាប ។
ផ្អែកលើទឡ្ហីកម្មខាងលើ នៅឆ្នាំ១៩៥៨ រាជការបានរៀបចំតំបន់នេះទៅជាតំបន់រដ្ឋបាល និងត្រៀមបង្កើតជាស្រុក ។
នៅឆ្នាំ១៩៦០ តំបន់រដ្ឋបាលកំពង់រោទិ៍ ត្រូវបានដំឡើងទៅជាស្រុកកំពង់រោទិ៍ និងជាប់ជា ឈ្មោះស្រុកកំពង់រោទិ៍ រហូតបច្ចុប្បន្ន ។
១.៣ អំពីផ្ទៃដី និងចំនួនប្រជាជន
ស្រុកកំពង់រោទិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងក្រុងស្វាយរៀង និងស្រុកស្វាយទាប ខាងត្បូងជាប់នឹងស្រុកមុខវ៉ា និងទីរួមខេត្តគឿនទៀង ខេត្តឡុងអាន ប្រទេសវៀតណាម ខាងកើតជាប់នឹងស្រុកចន្ទ្រា និងក្រុងបាវិត និងខាងលិចជាប់នឹងវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម ។ ស្រុកនេះមានផ្ទៃដីប្រមាណ ៣៩៣,៧៣ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៧០.៣៥២ នាក់ ។
១.៤ អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុកកំពង់រោទិ៍
នៅឆ្នាំ ១៩៦០ ស្រុកកំពង់រោទិ៍មានឃុំ ៨ជាចំណុះ គឺ ៖ ឃុំខ្សែត្រ ឃុំញរ ឃុំបន្ទាយក្រាំង ឃុំថ្មី ឃុំរាជមន្ទីរ ឃុំសំយោង ឃុំព្រៃធំ និងឃុំព្រះពន្លា ។
បច្ចុប្បន្ន សាលាស្រុកកំពង់រោទិ៍ មានទីតាំងស្ថិតនៅទីប្រជុំជនកំពង់រោទិ៍ និងមានឃុំចំណុះចំនួន ១១ គឺ ៖ ១-បន្ទាយក្រាំង ២-ញរ ៣-ខ្សែត្រ ៤-ព្រះពន្លា ៥-ព្រៃធំ ៦-រាជមន្ទីរ ៧-សំឡី ៨-សំយ៉ោង ៩-ស្វាយតាយាន ១០-ត្នោត ១១-ថ្មី ។
១.៥ ការគ្រប់គ្រងដឹកនាំស្រុក
-ឈ្មោះ ធៀង ទុយ (១៩៥៨-១៩៦៥)
-ឈ្មោះ ទូច ថុង (១៩៦៥-១៩៧០)
-របបសេនាប្រមុខលន់ នុល (១៩៧០-១៩៧៥) មិនស្គាល់ឈ្មោះ
-សមមិត្ដ គឺ សំផន (១៩៧៥-១៩៧៧)
-ចន្លោះឆ្នាំ១៩៧៧-១៩៧៩ (មិនស្គាល់ថ្នាក់ដឹកនាំ)
-សមមិត្ដ សឿ សារ៉ាន (១៩៧៩-១៩៨២)
-សមមិត្ដ ប៊ុន សាវ៉ាន់ (១៩៨២-១៩៨៦)
-សមមិត្ដ សុខ យ៉ន (១៩៨៦-១៩៩៥)
-លោក អ៊ុយ ថន (១៩៩៥-១៩៩៩)
-លោក ពេជ សាវ៉ាន់ (១៩៩៩-២០១៥)
-លោក សុខ រស់ (២០១៥-២០១៨)
- លោក សុច ពិសី (២០១៨-បច្ចុប្បន្ន)