ពិធីបេីការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត WANLI TIRE ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៉ីនបាវិត ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
នាព្រឹកថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីបេីការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត WANLI TIRE ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសស៉ីនបាវិត ស្ថិតនៅឃុំព្រៃគគី ស្រុកចន្ទ្រា ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
មានមតិស្វាគមន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តលេីកឡេីងថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងនូវការអរគុណ យ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញជាអធិបតីក្នុងពិធីនេះ ដែលជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការផ្តល់តម្លៃ និង ការគាំទ្របំផុតរបស់រាជរដ្ឋាភិបាលចំពោះការវិនិយោគរបស់វិស័យឯកជនហើយវត្តមានរោងចក្រ Wanli Tire តាមរយៈពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ក៏ជាសក្ខីភាពសរបញ្ជាក់ឲ្យឃើញពីមនុញ្ញផលដ៏ថ្លៃថ្លា ដែលកើតចេញពីចំណងកិច្ច- សហប្រតិបត្តិការដ៏រឹងមាំ (មិត្តដែកថែប) រវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ឯកឧត្តមបន្តថា ខេត្តស្វាយរៀងអាចចាត់ទុកជាខេត្តមួយដែលទទួលផលយ៉ាងច្រើនពីភាពវិជ្ជមាននេះ ដោយក្នុងចំណោមក្រុមហ៊ុនរោងចក្រវិនិយោគក្នុងខេត្ត គឺអ្នកវិនិយោគ និងធុរជនមកពីប្រទេសចិន មានចំនួនច្រើនជាងគេបំផុត ។
ក្នុងនាមអាជ្ញាធរខេត្ត ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង សូមសម្តែងនូវការស្វាគមន៍ នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបាន សម្រេចចិត្តជ្រើសរើសខេត្តស្វាយរៀង សម្រាប់ការវិនិយោគ ជាពិសេសលើការផលិត សំបកកង់យានយន្ត ដែលជាក្រុមហ៊ុនរោងចក្រដំណើរការសង្វាក់ផលិតកម្មនេះទី២ នៅក្នុងខេត្ត ។
ឯកឧត្តមបានបញ្ជាក់ទៀតថា នេះគឺពុំមែនជាការចៃដន្យនោះទេ ប៉ុន្តែជាការកើតឡើងដោយឆ្លងកាត់នូវការសិក្សា ស្វែងយល់យ៉ាងស៊ីជម្រៅ ច្បាស់លាស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ក៏ដូចជាការបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ អំពីការផ្តល់សេចក្តីទុកចិត្ត របស់វិស័យឯកជន មកលើសក្តានុពលដែលមាននៅក្នុងមូលដ្ឋានខេត្ត ជាពិសេសលើរាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេង ដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល។