ខេត្ដស្វាយរៀងមានអត្រាកំណើនការងារខ្ពស់នៅក្នុងឆ្នាំ២០២៤ថ្លែងទៅកាន់ពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្វាយរៀង
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ-អង្គភាព អាជ្ញាធរដែនដី មន្ត្រីរាជការ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេល១ឆ្នាំមកនេះ បានលះបង់កម្លាំងកាយចិត្ដ ពុះពារជម្នះគ្រប់ឧបសគ្គ ខិតខំបំពេញការងាររបស់ខ្លួន សម្រេចបានលទ្ធផលល្អប្រសើរ ទាំងការអភិវឌ្ឍអង្គភាព ការលើកកម្ពស់សមត្ថភាពមន្រ្ដី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយការទទួលខុសត្រូវ ជាពិសេសការថែរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងស្ថិរភាពសង្គម ជូនអ្នកវិនិយោគ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ទប់ស្កាត់បានទាន់ពេលវេលា និងដោយជោគជ័យរាល់សកម្មភាពប៉ុនប៉ងបង្កភាពវឹកវរ និងអសន្ដិសុខសង្គម តាមគ្រប់រូបភាព។
ឯកឧត្តមបន្ថែមថា សម្រាប់ខេត្ដស្វាយរៀង ជាមួយនឹងអត្រាកំណើនការងារខ្ពស់នៅក្នុងឆ្នាំ២០២៤ ដែលបានកើនឡើងដល់ចំនួន ១៣៩.៤៣៦នាក់ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ១.០០៨កន្លែង ស្របនឹងតំបន់សេដ្ឋកិច្ចពិសេសថ្មីយ៉ាងតិចចំនួន៣កន្លែងទៀត កំពុងរៀបចំដាក់ឱ្យដំណើរការបន្ថែម បូកផ្សំនឹងអត្រាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ ដែលជាអត្រាប្រាក់ឈ្នួលមួយនៅតែមានលក្ខណៈប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ យើងអាចវាយតម្លៃបានថា ខេត្ដស្វាយរៀង នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងគោលដៅយុទ្ធសាស្រ្ដអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នឹងបន្ដទាក់ទាញអ្នកវិនិយោគជាច្រើននាក់បន្ថែមទៀត មកបណ្ដាក់ទុនអភិវឌ្ឍន៍ ទាំងវិស័យឧស្សាហកម្ម ទេសចរណ៍ និងអចលទ្រព្យ ដែលជាវិស័យគន្លឹះសំខាន់ៗ ក្នុងការជំរុញជវភាពសេដ្ឋកិច្ចក្នុងខេត្ដ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ជាមូលដ្ឋានក្នុងការទ្រង់ទ្រង់ និងលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង ។
ផ្អែកតាមរបៀវារៈកម្មវិធី នៃអង្គសន្និបាតប្រព្រឹត្តិទៅចំនួន២ថ្ងៃ ហេីយនៅរសៀលថ្ងៃទី១នេះ ឯកឧត្តមគណៈអធិបតីបានអញ្ជើញពិនិត្យសកម្មភាពការពិភាក្សាជាក្រុមទៅលើប្រធានបទសំខាន់ៗ រួមមាន បញ្ហាគ្រឿងញៀន និងក្មេងទំនើង បញ្ហាជនអន្ដោប្រវេសន៍ខុសច្បាប់ ការអនុវត្ដគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការផ្ដល់សេវារដ្ឋបាល និងសេវាសុខាភិបាល ការងារអគ្គិសនី ការងារទឹកស្អាត ការងារអត្ដសញ្ញាណកម្ម ការងារអត្រានុកូលដ្ឋាន ការងារចុះបញ្ជី និងដោះស្រាយទំនាស់ដីធ្លី ការអនុវត្គគម្រោងមូលនិធិឃុំ សង្កាត់ ការងារតែងតាំងមន្រ្ដីរាជការ មុខងារសាធារណៈ និងក្របខណ្ឌ និងការងារផ្ដល់គ្រឿងឥស្សរិយយស ដែលបញ្ហាទាំងនេះ មានវិសាលភាពគ្រប់ដណ្ដប់ទាំងផ្នែក សន្ដិសុខសង្គម ការផ្ដល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ និងអត្ថប្រយោជន៍ ដែលរដ្ឋផ្ដល់ការលើកទឹកចិត្ដដល់មន្រ្ដីរាជការ ហើយប្រធានបទទាំងអស់ខាងលើ ឆ្លើយតបនឹងស្ថានភាព ដែលកំពុងកើតមាននៅខេត្ដស្វាយរៀងផងដែរ។