រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងខេត្តស្វាយរៀង

  • 11
  • ដោយ Admin

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងខេត្តស្វាយរៀង

​នាព្រឹកថ្ងៃសុក្រ៥រោច​ ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបាននិទ្ទេសA ក្នុងឆ្នាំសិក្សា​២០២៣-២០២៤​។

ពិធីនេះបានរៀបចំឡេីងនៅសាលប្រជុំអាគារ ឃ សាលាខេត្ត​ ដែលចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន​ សប្បុរសជន​ លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៨​លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន៣៧ នាក់។ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៣៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជិត ៧៣% ទទួលបាននិទ្ទេស A ចំនួន ៣៧នាក់។ ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

ឯកឧត្តមបានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។ - ត្រូវធ្វើជាកូនល្អ​ សិស្សល្អ​ មិត្តល្អ​ និងធ្វេីអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ។

- ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។

- ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។

- ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។

ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្តចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៣៧នាក់​ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១ និងថវិកា ២០០,០០០ រៀល។

ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកសាលាទាំង១៤ ម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ។

អត្ថបទទាក់ទង