ពិធីសម្ពោធរោងចក្រដាប់ប៊ែលយូ ភី ស្ព័ត (ខេមបូឌា)ខូអិលធីឌី ស្ថិតនៅស្រុកស្វាយទាប នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រដាប់ប៊ែលយូ ភីស្ព័ត (ខេមបូឌា)ខូអិលធីឌី (ជារោងចក្រផលិតសម្ភារកីឡា) ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានជ្រើសរើសខេត្តស្វាយរៀង សម្រាប់ការវិនិយោគបង្កើតរោងចក្រនៅតំបន់ភូមិត្រពាំងតាអី ស្រុកស្វាយទាបនាពេលនេះ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម បន្តថា ដោយប្រទេសជាតិមានសុខសន្តិភាពដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដោយសារយើងមានបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺសម្ដេចធិបតី នាយករដ្ឋមន្ត្រីដោយសម្ដេច លោកបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានរៀបចំនូវក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ត រួមជាមួយមូលដ្ឋានរបស់យើងតាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ស្រុក ឃុំ ភូមិ មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ មានភាពអំណោយផល និងសក្ដានុពលផ្សេងៗជាដេីម បានបង្កលក្ខណៈងាយស្រួល និងជំរុញវិស័យឯកជនឲ្យមានការលូតលាស់រីកចម្រើនជាលំដាប់ ហើយការប្រកាសសម្ពោធបើកដំណើរការរោងចក្រដាប់ប៊ែលយូ ភីស្ព័ត នៅថ្ងៃនេះ ជាសក្ខីភាពស្រាប់ ។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុនត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានព្រមទាំងបំពេញបែបបទនីតិវិធីតម្រូវ នានា ឲ្យបានគ្រប់គ្រាន់ស្របតាមការណែនាំរបស់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ជាពិសេសសហការឲ្យស្អិតរមួតជាមួយអាជ្ញាធរដែនដីក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ និងសូមប្រើប្រាស់កម្លាំងពលកម្មជនជាតិខ្មែរឲ្យបានច្រើន ។
ទន្ទឹ មនេះ ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រ និងជួយសម្របសម្រួលសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត ការពារ សន្តិសុខសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាងជូន ក្រុមហ៊ុន/រោងចក្រ និងជឿជាក់ថាជោគជ័យរបស់ក្រុមហ៊ុនពិតជារួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្តាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ។