ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី នាយកទីចាត់ការ-អង្គភាព ចំណុះសាលាខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្ដមអភិបាលខេត្តបានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សង្ឃឹមជឿជាក់ យ៉ាងមុតមាំថា លោក យន់ រស្មី ប្រធានមន្ទីរថ្មី ដែលត្រូវបានប្រកាសចូលកាន់តំណែង នៅថ្ងៃនេះ ជាមន្ត្រីដែលធ្លាប់មានបទពិសោធន៍ស្រាប់ក្នុងវិស័យនេះ និងជាអនុប្រធានមន្ទីររយៈពេល ០៧ឆ្នាំ មុននឹងទទួលបានការតែងតាំងជាប្រធានមន្ទីរ នាឱកាសនេះ នឹងបន្តខិតខំប្រឹងប្រែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា ជាធរមាន ប្រកប ដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥យ៉ាង «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីពង្រឹង យន្តការ និងប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រងមន្ទីរ ធានាឲ្យបាននូវអភិបាលកិច្ចល្អ និងមានសុខដុមនី យកម្មក្នុងអង្គភាព។
ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ទីរសាធារណការនិងដឹកជញ្ជូន ត្រូវបង្កើនការយកចិត្តទុកដាក់សហការ និងពង្រឹងការត្រួតពិនិត្យចំពោះការ ដឹកជញ្ជូនលើសទម្ងន់កំណត់ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ក៏ដូចជាការ ពង្រឹងការចុះត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំនៅតាមបណ្ដាយានដ្ឋាន ឬទីតាំងកែច្នៃ ដើម្បីបង្ការ និងទប់ស្កាត់ការកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ដែលកន្លងមកយើងបានទប់ស្កាត់ជោគជ័យហើយនូវការកែច្នៃស៊ីផ្លេខុសលក្ខណៈបច្ចេកទេស ជាចង្វាក់ភ្លេងជាដើម ប៉ុន្តែក៏ត្រូវតែបន្តយកចិត្តទុកដាក់តាមដាន ពង្រឹង និងចាត់វិធានការក្នុងករណីកើតមានបន្តទៀតផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម នួន លីហួនអតីតជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនិង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចសម្រេចបានលទ្ធផលធំធេងជាបន្ដបន្ទាប់កន្លងមក រួមជាមួយ នឹងកិច្ចសហការល្អ ពីអង្គភាពពាក់ព័ន្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមសហការមិនអាចខ្វះ បានពីប្រជាពលរដ្ឋក្រោមការដឹកនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្តស្វាយរៀង។
បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យប្រធានមន្ទីរថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមន្ទីរ-អង្គភាពនានាជំនាញខេត្ដ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ ជាតិ-អន្ដរជាតិ ជាពិសេស អនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំខេត្ត សំដៅបន្តអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ឋ ការផ្ដល់ សេវាសាធារណៈចាំបាច់ និងសេវាតម្រូវការគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបាន កាន់តែប្រសើរឡើងថែមទៀត៕