រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជេីញជាធិបតីក្នុងកម្មវិធីបើកវគ្គតម្រង់ទិសជូនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤​ ឆ្នាំ២០២៤

  • 2
  • ដោយ Admin

ពិធីបើកវគ្គតម្រង់ទិសជូនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤​ ឆ្នាំ២០២៤

នៅថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជេីញជាធិបតីក្នុងកម្មវិធីបើកវគ្គតម្រង់ទិសជូនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤​ ឆ្នាំ២០២៤ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ ជាគ្រូឧទ្ទេសសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ, លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ ក្នុងខេត្តស្វាយរៀង។

ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមសំដែងយ៉ាងកក់ក្តៅចំពោះវត្តមានចូលរួមរបស់អស់លោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងបានការសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងដើម្បីចូលរួមចំណែកគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដែលមានអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមបន្ថែមថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដែលក្នុងនោះមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរំលេចចេញនូវបញ្ចកោណចំនួន៥ ដែលផ្ដោតសំខាន់ជាអាទិភាពលើ:

១/. ការអភិវឌ្ឍន៍មូលធនមនុស្ស។

២/. ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ។

៣/. ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ។

៤/. ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន ។

៥/. ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

អត្ថបទទាក់ទង