វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នៅស្រុករំដួលនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម រស់ ផារិទ្ធអភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅស្រុករំដួល។
វេទិការនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ការិយាល័យជំនាញជុំវិញស្រុកបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធជាច្រេីនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសមាជិក សមាជិការនៃអង្គវេទិការទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ដែលបង្ហាញអោយឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទន្ទឹមនេះ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសេវាតម្រូវការ និងសេវាសំណូមពរជាដេីម។