នៅថ្ងៃអង្គារ៨ កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញក្នុងប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ និងឯកសារពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង។
ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពី លោក សុខ សាគុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លោក ឯម សុត ជំនួយការ គ.ជ.ប តំណាងអភិបាលក្រុង ស្រុកទាំង៨ យុវជន ស.ស.យ.ក និងលេខាធិការគណបក្សផ្សេងទៀតដែលបានចូលរួមសរុបប្រមាណ ៣៥នាក់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបោះឆ្នោតគឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងយុត្តិធម៍ ។
ឯកឧត្តម ម៉ែន អេង មានប្រសាសន៍បន្ថែមទៀតថា មិនថាជាការបោះឆ្នោតសកល ឬជាការបោះឆ្នោតអសកលទេ ដំណើរការរៀបចំការបោះឆ្នោត ចាំបាច់ត្រូវបែងចែកជាដំណាក់កាលសំខាន់ៗចំនួន៤ គឺ៖
ទី១. ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ទី២. ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ
ទី៣. ដំណាក់កាលឃោសនាបោះឆ្នោត
ទី៤. ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។
ដូចដែលបងប្អូនបានឃេីញយ៉ាងច្បាស់ហេីយថា ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រក្នុងពេលថ្មីៗនេះ គឺប្រព្រឹត្តទៅយ៉ាងរលូន សេរីភាព យុត្តិធម៍ និងត្រឹមត្រូវ នេះសបញ្ជាក់បានថា ប្រទេសកម្ពុជារបស់យេីងគឺប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់៕