ខេត្តស្វាយរៀងនឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់កីឡា និងការប្រកួតកីឡាទូក នៅទីតាំងទន្លេរវៃគោ ខេត្តស្វាយរៀង។
កិច្ចពិភាក្សានេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពជំនាញក្រោមចំណុះ នៃអគ្គនាយកដ្ឋានកីឡាលោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរពាក់ព័ន្ធ តំណាងកងកម្លាំងទាំង៣ និងប្រតិភូកីឡាមួយចំនួនទៀត។
ឯកឧត្តមអភិបាលអភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍ និងសម្តែងនូវអារម្មណ៍រីករាយដែលខេត្តស្វាយរៀងត្រូវបានសហព័ន្ធកីឡាជាតិរៀបចំអោយមានកម្មវិធីរត់ភ្លេីងគប់ និងការប្រកួតកីឡាទូកដែលនិងឈានចូលមកដល់នាពេលខាងមុខ ទាំងនេះសបញ្ជាក់ឲ្យឃេីញថា ការរៀបចំរបស់ថ្នាក់ដឹកនាំខេត្តពីកម្មវិធីនីមួយប្រព្រឹត្តិទៅដោយរលូន និងបានរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានសន្តិភាពជូនពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាបានមានប្រសាសន៍បញ្ជាក់អំពីការផ្សព្វផ្សាយពិធីរត់ភ្លើងគប់ជុំវិញខេត្តទាំង០៥ រួមមានខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងបន្តទៅកាន់ខេត្តកណ្តាលចាប់ចេញដំណើរពីទីតាំង(ព្រែកជីកហ្វូណនតេជោ) រួចបន្តទៅដង្ហែទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រកាសពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ពិធីរត់ភ្លើងគប់កីឡានឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ និងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នឹងរៀបចំធ្វើឡើងនៅទីតាំងទន្លេរវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។