សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរេីសអេីងពូជសាសន៍(ICERD)
នៅព្រឹកថ្ងៃព្រហស្បតិ៍១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរេីសអេីងពូជសាសន៍(ICERD) ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវឌ្ឍនភាពនានាដែលរដ្ឋខេត្តសម្រេចបាន ដោយអនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល កន្លងមកក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំដ៏ស្វាហាប់ និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជា អគ្គមគ្គទេសក៍វ៏យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមជាមួយនិងកម្មវិធីគោលនយោបាយគន្លឹះ និងអាទិភាពផ្សេងៗ បានធ្វើឲ្យខេត្តមានលទ្ធភាពក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនស្ទើរ លើគ្រប់វិស័យ ។
ឯកឧត្តមបន្តថា សិក្ខាសាលាដ៏មានសារៈសំខាន់នៅថ្ងៃនេះ និងមានការធ្វើបទបង្ហាញលើប្រធានបទគន្លឹះសំខាន់ៗ នឹងពិតជាផ្ដល់នូវធាតុចូលល្អៗ និងចំណេះដឹងថ្មីៗដែលនឹងជួយបង្កើនការយល់ដឹងបន្ថែមដល់មន្ត្រីយើង នៅថ្នាក់ក្រោមជាតិយកទៅអនុវត្ត ដើម្បីពង្រឹងកិច្ចសហការឲ្យបាន់តែជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហជីព សមាគម អង្គការសង្គមស៊ីវិល រួមចំណែកកាន់តែប្រសើរ នាំមកនូវវឌ្ឍនភាព និងជោគជ័យថ្មីៗថែមទៀត ក្នុង ដំណើរការគាំទ្រកិច្ចការលើកកម្ពស់សិទ្ធិមនុស្សនៅថ្នាក់មូលដ្ឋាន ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តជាធរមាន ។
ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀងសូមគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានសហការ និងគាំទ្រឲ្យមានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដ៏មានសារៈសំខាន់នេះ នៅក្នុងខេត្តស្វាយរៀង និងសូមជូនពរអង្គសិក្ខាសាលារបស់យើងនៅថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ល្អប្រសើរ ប្រកបដោយផ្លែផ្កាតាមការគ្រោងទុក ។