រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ រស់​ ផារិទ្ធ​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ របស់ក្រសួងមហាផ្ទៃ

  • 131
  • ដោយ Admin

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹង ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ នាយក នាយករង មន្រ្តីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់សហការក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងការសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរង​ខេត្ត​ បានជម្រាបជូន និងណែនាំដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ លោក លោកស្រីអភិបាល អភិបាលរងបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករង មន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។

ឯកឧត្តម​បានផ្តាំផ្ញើ និងផ្តល់ការណែនាំដល់ លោក លោកស្រីមេឃុំ ចៅសង្កាត់ លោក លោកស្រី នាយក នាយករង មន្ត្រីគាំទ្របច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់សហការក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ស្របតាមស្មារតីលិខិតលេខ ២៣០៧ សណន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបានដាក់ចេញនូវគោលការណ៍ណែនាំ ចំនួន ៨ចំណុច ឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ស្របតាមតួនាទី ភារកិច្ចរៀងៗខ្លួន ។

ទន្ទឹមនេះ​ បានគូសបញ្ជាក់ និងសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនេះតទៅ រដ្ឋបាលខេត្តនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណាស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តស្វាយរៀង ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការឃុបឃិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ដូចមានចែងក្នុងខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្របតាមមាត្រា ៨៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់) មាត្រា ៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ចំពោះមន្ត្រីរាជការស៊ីវិល) និងចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ចំពោះអ្នកទទួលការ) និងបញ្ឈប់កិច្ចសន្យា (ចំពោះបុគ្គលិកជាប់កិច្ចសន្យា)៕

អត្ថបទទាក់ទង