រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

  • 154
  • ដោយ Admin

អបអរសាទរពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃសុក្រ៦រោច ខែអាសាឍ ឆ្នាំរោង បញ្ចស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦​ ខែកក្កដាឆ្នាំ២០២៤នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ប៉េង​ ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ញ៉ែម​ សារី ជាអភិបាលរងខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុត​ សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន​ ឯកឧត្តម លោកជំទាវប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្ដម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុក លោកអធិការនគរបាលក្រុង-ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ព្រមទាំងលោក លោកស្រីជាតំណាងអង្គការ សមាគមក្នុងខេត្ត សរុបប្រមាណជាង ២៦៨នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅថ្ងៃនេះ និងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេល៦ខែកន្លងមកនេះ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការវិនិយោគឯកជន និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តស្វាយរៀងជាដើម។ ទន្ទឹមនេះ​ ឯកឧត្តម​អភិបាលខេត្ត​បានថ្លែងនូវការចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួល ខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។ ជាមួយនេះ​ ក៏សូមផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តទៅតាមតួនាទីភារកិច្ចដែលបានកំណត់​ ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនជាដេីមឲ្យមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា យោងអនុក្រឹត្យលេខ៦៣៤​ អនក្រ.តត ចុះថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ២០២៤ ត្រូវបានសម្រេចតែងតាំងលោក ញ៉ែម​ សារី ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៥​ ពីអភិបាលរង​នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ៕

អត្ថបទទាក់ទង