វេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅ ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៤នេះ លោកជំទាវ យ៉ក់ ស៊ីណាត អភិបាលរងបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញចូលរួមវេទិកាសាធារណៈនៅ ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ក្រោមអធិបតីភាពលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូ ក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះធ្វើ។
ពិធីនេះក៏មានការចូលរួមពី លោកសៅ វណ្ណាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកហែម សុីណា អភិបាលស្រុករំដួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៧៩ នាក់ (ស្ត្រី ចំនួន ១១៣នាក់)។
សូមបញ្ជាក់ថា វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ ការយកចិត្តទុកដាក់ និងចូលរួមយ៉ាងផុសផុល រហូតទទួលបានសំនួរ និងសំណូមពរពីប្រជាពលរដ្ឋនៅឃុំធ្មា ចំនួន ១៣ និងនៅឃុំកំពង់អំពិល ចំនួន ៦ សរុបទាំងពីរឃុំ ចំនួន ១៩ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយផងដែរ។លោកជំទាវ វី ស្រីពៅ បានថ្លែងថា កម្មវិធីវេទិកាសាធារណៈថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ និងទទួលសំណូមពរអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោកជំទាវបានបន្តថា ក្នុងនាមក្រសួងអធិការកិច្ចសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការល្អ ព្រមទាំងបង្កលក្ខណៈងាយស្រួលឱ្យក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង បានរៀបចំវេទិកាសាធារណៈ នេះឡើង ប្រព្រឹត្តទៅដោយរលូន និងភាពសកម្ម ស្ថិតនៅក្នុងបរិវេណសាលាឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀងនាពេលនេះផងដែរ៕ នុត នាង