រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវ យក់ ស៊ីណាត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

  • 56
  • ដោយ Admin

នៅថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៤នេះ​ លោកជំទាវ យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង​ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ គ.ខ.ប.ជ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ​ និងការចំណាកស្រុកដោយប្រថុយប្រថាន។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ លោកជំទាវបានបញ្ជាក់ថា​ អំពើជួញដូរមនុស្ស ជាប្រភេទឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស គ្រប់វ័យភេទ ក្នុងសង្គម គ្រោះថ្នាក់ ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលស្វែងរកការងារនិងប្រាក់ចំណូល ដែលនៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ។ រៀងរាល់ឆ្នាំមនុស្សជាច្រើនត្រូវបានបំផ្លាញដោយឧក្រិដ្ឋជនជួញដូរមនុស្ស នៅគ្រប់ទីកន្លែង ក្នុងពិភពលោក ជនល្មើស បានរកគ្រប់ល្បិចកលដ៏ស្មោកគ្រោក ពង្រាយបណ្តាញធ្វើសកម្មភាពកេងប្រវ័ញ្ចជនរងគ្រោះនៅគ្រប់តំណាក់កាល ទាំងដោយផ្ទាល់ និងប្រយោលតាមរយៈបណ្តាញទំនាក់ទំនង អនឡាញ (Online) ឬតាមបច្ចេក វិទ្យាទំនើប ដែលប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កុមារ និងមនុស្សពេញវ័យនិយមប្រើប្រាស់ គឺទូរស័ព្ទដៃ និងប្រព័ន្ធអ៊ិនធ័រណេត ។

លោកជំទាវបន្តថា​ ទំនោរនៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ បានធ្វើឲ្យឧក្រិដ្ឋជន បានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះដើម្បីទាក់ទាញជនរងគ្រោះ ឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ដែលបច្ចុប្បន្ននេះប្រព័ន្ធអនឡាញ និងបណ្តាញផ្សព្វផ្សាយសង្គម ក៏បានបង្កើតជាបញ្ហាថ្មីគឺ «ការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ជាពិសេស លើអនីតិជនតាមប្រព័ន្ធអនឡាញ» ។

លោកជំទាវបាន​ថ្លែងនូវការលើកទឹកចិត្ត ដល់គ្រប់មន្ទីរ-អង្គភាព ពិសេសនៅថ្នាក់មូលដ្ឋាន សូមពង្រឹងការអនុវត្តសកម្មភាពឲ្យបានផុលផុស សម្រាប់ជាមធ្យោបាយបំផុសការយល់ដឹង ដល់គ្រប់ថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច វិស័យឯកជន សង្គមស៊ីវិល គ្រប់និកាយសាសនា និងភាគីពាក់ព័ន្ធទាំងអស់អំពីអំពើជួញដូរមនុស្សឲ្យ « រួមសហការគ្នាបង្ការបង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស »។

អត្ថបទទាក់ទង