ពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ក្រោមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព នានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ កងកម្លាំងទាំងបី មន្ត្រីរាជការសាលាខេត្ត រួមនិងគណៈប្រតិភូខេត្តឡុងអាន ដឹកនាំដោយឯកឧត្ដម ង្វៀន វ៉ាន់ឌឿក លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន ឯកឧត្ដម ង្វៀន វ៉ាន់អ៊ុក អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន និងគណៈប្រតិភូខេត្តតៃនិញ ដឹកនាំដោយឯកឧត្ដម ង្វៀន ថាញ់តឹម លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតៃនិញ ។
មានប្រសាសន៍ស្វាគមន៍នៅក្នុងឱកាសនោះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងគណៈប្រតិភូថ្នាក់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងគណៈប្រតិភូភាគីមិត្តវៀតណាម ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខេត្តស្វាយរៀងនាឱកាសនេះ ដែលបានញាំងឲ្យបរិយាកាសនៃពិធីទាំងមូលកាន់តែមានភាពអធិកធម ប្រកបដោយភាតរភាព មិត្តភាព និងពោរពេញដោយស្នាមញញឹម និងក្ដីសង្ឃឹម ត្រៀមទទួលយកអំណរសាទរ ទទួលពរជ័យឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ។
ឯកឧត្តមបន្ថែមថា ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរវាងប្រទេសទាំងពីរ គឺមានគណ:ប្រតិភូប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក ក្នុងនាមប្រទេស ដែលមានព្រំដែនជាប់ជាមួយគ្នា ក្នុងចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង
ជាចុងបញ្ចប់នៃពិធីនេះផងដែរ ប្រតិភូនៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅមក ព្រមទាំងពិសាបាយសាមគ្គី និងរាំលេងកម្សាន្តប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ និងពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំណរពរជ័យនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។