ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣.១៤៤ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិថ្មី ភូមិកណ្ដាល និងភូមិពពូល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិថ្មី ភូមិកណ្ដាល និងភូមិពពូល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុករំដួល និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត ។ ទន្ទឹមនេះឯកឧត្តមបានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅឃុំស្វាយចេកក៏ដូចជានៅទូទាំងស្រុករំដួល នាឱកាសនេះ។
ឯឧត្តមបន្តថា ថ្ងៃនេះ គឺជាលើកទី២ហើយ ដែលយើងបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តរបស់យើងបានដាក់ចេញនូវផែនការឈាន ទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣ ខណៈដែលលើកទី១ បានចែកប័ណ្ណចំនួន ១.៣៩៧ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ ហេីយបើគិតទាំងពេលនេះ យើងប្រើរយៈពេលត្រឹមតែ ៣ខែ និង ១៣ថ្ងៃប៉ុណ្ណោះ សម្រេចបាននូវការចែកប័ណ្ណជូនប្រជាពលរដ្ឋ ចំនួន ៤ភូមិ ស្មើនឹងជាង ៤ពាន់ប័ណ្ណ ក្នុងចំណោមប័ណ្ណដែលបានចេញរួច ចំនួន ១៣ភូមិ ស្មើនឹង ១៤.៣៨៥ប័ណ្ណ ។
ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា ដូចបានឃេីញនាពេលនេះ។