អាជ្ញាធរខេត្តស្វាយរៀងចុះដោះស្រាយប្រព័ន្ធស្រោចស្រពស្រូវជូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍
ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ តាមការចាត់តាំងពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ឯកឧត្តម សរ សុដានី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តស្វាយរៀង អាជ្ញាធរដែនដី និងសហការី បាន ចុះ ពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹកតាមប្រព័ន្ធធារាសាស្រ្ត ក្នុងស្រុកចន្ទ្រា។ ជាដំបូង ឯកឧត្តមអភិបាលរងខេត្ត ពិនិត្យការងារបង្កបង្កើនស្រូវប្រាំងនៅប្រព័ន្ធធារាសាស្ត្រដូនទយ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យកន្លែងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ស្ថិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា តាមការចុះពិនិត្យជាកស្ដែងឃើញថា៖ ប្រឡាយគោកតែកនាំទឹកពីព្រែកវៀតណាមត្រូវបានចាក់លុបបិទផ្លូវទឹកប្រឡាយនៅចំណុចមួយចំនួនដោយគ្មានការដាក់ប្រព័ន្ធលូ។ ក្រោយពិនិត្យឃើញស្ថានភាពបែបនេះ ឯកឧត្តមអភិបាលរងខេត្ត បានចាត់ឲ្យរដ្ឋបាលស្រុកចន្ទ្រា និងរដ្ឋបាលឃុំចន្ទ្រា ដោះស្រាយកាយដីចេញពីប្រឡាយគោកតែកវិញ ដើម្បីឲ្យមានផ្លូវទឹកសម្រាប់ប្រជាកសិករប្រើប្រាស់ស្រោចស្រពស្រូវប្រាំងដែលកំពុងខ្វះខាតទឹកចំនួន១៥០ ហិកតា ឲ្យទាន់ពេលវេលា។ សូមបញ្ជាក់ថា ប្រឡាយគោកតែកនេះ មានលទ្ធភាពអាចស្រោចស្រពបាន ៥៥០ហិកតា ហើយត្រូវបានស្ដារឡើងវិញក្នុងអំឡុងឆ្នាំ២០១៩ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
បន្ទាប់ពីបានពិនិត្យទីតាំងខាងលើឯកឧត្តមអភិបាលរងខេត្ត និងសហការរីបានបន្តពិនិត្យមើលវឌ្ឍនភាពនៃការស្តាអូរំចេក បឹងបែកចាន និងព្រែកកំពង់រោទិ៍ ដើម្បីត្រៀមលក្ខណៈធ្វើជាអាងស្តុកទឹក ក៏ដូចជាប្រព័ន្ធធារាសាស្ត្រធានាដល់ការស្រោចស្រពស្រូវជូនដល់បងប្អូនប្រជាពលរដ្ឋទៅថ្ងៃអនាគត។