តបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃព្រហស្បតិ៍១៥កេីត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងមានប្រធានប្រតិភូជាថ្នាក់ដឹកនាំខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមស្ថិតនៅទីរួមខេត្តតៃនិញ ប្រទេសវៀតណាម ។
សូមជម្រាបជូនថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រជាជនវៀតណាម គណៈប្រតិភូខេត្តស្វាយរៀង រួមទាំងខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម តែងតែចូលរួមជូនពរអបអរសាទរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម នៅខេត្តតៃនិញ ក្នុងនាមជាខេត្តភូមិផងរបងជិតគ្នា ដែលមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររឹងមាំរវាងប្រទេសយើងទាំងពីរ ក៏ដូចជាខេត្តយើងទាំងសងខាងក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទន្ទឹមនឹងកាលានុវត្តភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយ សន្តិភាព មិត្តភាព ភាតរភាព និងចីរភាពតទៅ។