កិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព ចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
របៀបវារៈនៃកិច្ចប្រជុំនេះ គឺពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល និងសេចក្តីណែនាំស្តីពីដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តស្វាយរៀង ព្រមទាំងសេចក្តីផ្សេងៗទៀត។
សូមជម្រាបជូនថា ក្រុមការងារកសាងផែនការខេត្ត ដែលមានមន្ទីរផែនការខេត្តជាសមាជិកអចិន្ត្រៃយ៍ បានរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ ខេត្តស្វាយរៀង និងសេចក្តីណែនាំស្តីពីដំណើរការ នៃការរៀបចំកសាងផែនការអភិវឌ្ឍន៍រយះពេលប្រាំឆ្នាំ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥-២០២៧ ខេត្តស្វាយរៀង ដែលបានប្រជុំនិងអនុម័តនៅថ្ងៃនេះដើម្បីបោះពុម្ព និងផ្សព្វផ្សាយប្រើប្រាសជាផ្លូវការនៅពេលខាងមុខនេះ។