វគ្គបណ្តុះបណ្តាលស្តីពីការជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីការអនុវត្ត កម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង
ថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ចាន់ សេង សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងជាប្រធាន គណៈកម្មាធិការ គ.ក.ស.ក ខេត្ត និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «យន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធី ជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅសាលប្រជុំធំ (អគារ ឃ) សាលាខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនេះមាន លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកនាយកវិទ្យាស្ថានពហុបច្ចេកតេជោសែនស្វាយរៀង កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី នាយក-នាយករងទីចាត់ការសាលាខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ លោក លោកស្រីតំណាងអង្គការ សមាគមជាច្រើននាក់ទៀត។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យការអនុវត្តកម្មវិធីនាពេលខាងមុខ កាន់តែទទួលបានប្រសិទ្ធ ភាព បន្ថែម ទៀតនោះលោកបណ្ឌិតអភិបាលរងខេត្តបានចូលរួមជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១.សូមធានារក្សាប្រក្រតីភាពនៃកម្មវិធី និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារ ដែលបានចែង ក្នុងគោលការណ៍របស់កម្មវិធី
២.សូមបន្តពង្រឹង និងពង្រីកឱ្យបាននូវយន្តការផ្សព្វផ្សាយកម្មវិធីជំនួយសង្គម និងកម្មវិធីនានា ដែលជា សមិទ្ធផលរបស់រាជរដ្ឋាភិបាល
៣.ចូលរួមរក្សានូវស្មារតីទទួលខុសត្រូវ នៃការអនុវត្តតួនាទី ពង្រីកវិសាលភាពនៃលទ្ធផលការងារ និងអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ
៤.ស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ
៥.សូមជួយជំរុញដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផ្សព្វផ្សាយឱ្យបានទូលំទូ លាយ ស្តីពីការអនុវត្ត កម្មវិធី ជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលកម្ពុជា។