រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីបើកសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ​ការងារឆ្នាំ២០២៤

  • 201
  • ដោយ Admin

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់រដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃចន្ទ១២រោច​ ខែមិគសិរ​​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី៨ ខែមករា ​ឆ្នាំ២០២៤នេះ​ ឯកឧត្តមជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង។

ឯកឧត្តម​ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា​ ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម​ បានយ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ឯឧត្តមបន្តថា​ ឆ្នាំ២០២៣​ ជាឆ្នាំនៃការបញ្ចប់ការអនុវត្ដយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៦ និងជាឆ្នាំចាប់ផ្ដើមផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ គោលនយោបាយអាទិភាពទាំង៦ចំណុច ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា​។ ដោយឡែកនៅសល់រយៈពេលប្រមាណ ៥ខែទៀតប៉ុណ្ណោះ ក្រុមប្រឹក្សា​នឹងបញ្ចប់អាណត្ដិទី៣របស់ខ្លួន ​ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក អាណត្ដិទី៤ នឹងប្រព្រឹត្ដនៅថ្ងៃអាទិត្យ ទី២៦​ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ​ ដូច្នេះសូមយកឱកាសនេះ អំពាវនាវដល់អង្គបោះឆ្នោតដែលជា​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង សូមយកចិត្ដទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានគ្រប់គ្រាន់ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។

ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធានក្រុមប្រឹក្សាខេត្ត​ បានស្នើសុំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការឱ្យបានល្អ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្របតាមច្បាប់ និងនីតិវិធី នៃការបោះឆ្នោត សំដៅរួមគ្នាធានាឱ្យដំណើរការបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសរើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក អាណត្ដិទី៤ ប្រព្រឹត្ដទៅដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសសន្ដិសុខ និងសុវត្ថិភាពល្អប្រសើរ ។

អត្ថបទទាក់ទង