នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីការផ្តល់អាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ ដល់មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាព និងសិស្សនិសិ្សត ក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក Pieter Bossink នាយករង Australia Awards។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានា លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ សិស្ស និសិ្សត មកពីគ្រប់គ្រឹះស្ថានសិក្សា សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តបានថ្លែងអំណរគុណ ចំពោះកម្មវិធីអាហារូបករណ៍របស់ Australia Awards ដែលបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង និងក្នុងរៀបចំសិក្ខាសាលានៅពេលនេះ ដែលបានបញ្ជាក់ឲ្យឃេីញពីចំណងមិត្តភាពកម្ពុជា-អូស្ត្រាលី ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆន្ទះយ៉ាងមោះមុត ចំពោះកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងលើកការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបន្តថា សិក្ខាសាលាថ្ងៃនេះ បានផ្តោតទៅលើការពង្រឹងសមត្ថភាពក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និងវិស័យផ្សេងៗ ឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះភាពជាអ្នកដឹកនាំ ជំនាញសំខាន់ៗ ដែលសង្គមកម្ពុជាត្រូវការ។ ដោយឡែក ចំពោះមន្ត្រីរាជការ សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈការទទួលអាហារូបករណ៍នេះ បាននាំមកនូវគំនិត ចំណេះដឹងនិងមានសមត្ថភាពដេីម្បីចូលរួមចំណែកអភិឌ្ឍន៍ប្រទេសកម្ពុជាយេីង។
ឯកឧត្តមបន្ថែមថា សិក្ខាសាលានេះ បើកចំហរ និងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន សិស្សនិសិ្សត នៅក្នុងខេត្ត ដែលមានបំណង ដាក់ពាក្យយកអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ជាពិសេសបេក្ខជនជាស្ត្រី មកពីបណ្តាខេត្ត និងជនពិការភាព ត្រូវលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការដាក់ពាក្យយកអាហារូបករណ៍ Australia Awards នេះ។ ក្នុងនោះដែរ កម្មវិធីនេះ និងបានអត្ថប្រយោជន៍ពេលទៅសិក្សានៅប្រទេសអូស្ត្រាលី ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងទទួលព័ត៌មានឲ្យបានពេញលេញពីវាគ្មិន។
ទន្ទឹមនឹងនេះដែរ លោក Pieter Bossink បានលើកឡើងអំពីប្រវត្តិ នៃការងារអប់រំ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ព្រមទាំងបានផ្តល់អាហារូបករណ៍ ដល់និសិ្សតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មក ហេីយនិសិ្សតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី ក៏បានធ្វើការចែករំលែក និងពាំនាំយកនូវចំណេះដឹងនូវបទពិសោធន៍ ពីប្រទេសអីស្ត្រាលី យកមកអភិវឌ្ឍន៍លើគ្រប់វិស័យការងាររបស់ខ្លួនផងដែរ៕