នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ។
ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលស្តីពី “ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្តនិងការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ រៀបចំឡើងមានរយៈពេលមួយថ្ងៃកន្លះ សម្រាប់ផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ តាមរយៈការសម្របសម្រួលរបស់ក្រុមគ្រូឧទ្ទេស និងការពិភាក្សាគា្នលើការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី ខេត្ត។
ឯកឧត្ដមក៏បានស្នើសុំដល់ឯកឧត្តម លោកជំទាវ មេត្តាខិតខំស្វែងយល់បន្ថែមទៀតអំពីច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតគតិយុត្តពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹងឱ្យការអនុវត្តតួនាទីរបស់យើងកាន់តែមានប្រសិទ្ធភាព ។ ទន្ទឹមនេះ ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភាកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្ម ដែលជាតំណាងសាធារណៈ ស្វ័យភាពមូលដ្ឋាន ការពិគ្រោះយោបល់និងការចូលរួម ការឆ្លើយតបនិងគណនេយ្យភាព ការលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលដ្ឋនៅក្នុងមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាពនិង សុចរិតភាព និងវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាចនានាផងដែរ។