នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ចេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១គ្រួសារ ដែលមានអ្នកតំណាង៥រូប ស្ថិតនៅ ភូមិវត្ត និងភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ចេីញចូលរួមពី: លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ អភិបាល- អភិបាលរងស្រុករមាសហែក លោកស្រីមេឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត។
តាមប្រសាសន៍របស់ឯកឧត្តម បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋត្រូវមានទំនប់ចិត្តទៅលេីអជ្ញាធរ ឃុំ ស្រុក ដេីម្បីស្វែងរកដំណោះស្រាយជូនបងប្អូនទាំងអស់គ្នាតាមនីតិវិធីច្បាប់។
ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ឱ្យដឹងថា:កិច្ចការងាររបស់រដ្ឋបាលខេត្តស្វាយរៀងគឺជាអ្នកសម្របសម្រួលពីព្រោះថារឿងដីនេះវាពាក់ព័ន្ធទៅនឹងក្រសួងកសិកម្មដែលមានតំណាងក្រសួងកសិកម្មជាអ្នកចូលមកដើម្បីត្រួតពិនិត្យហើយនិងព្យាយាមដោះស្រាយឱ្យបងប្អូន។
ឯកឧត្តមអភិបាលរងខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវទុកចិត្តលើរដ្ឋបាលខេត្តក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ។ដូច្នេះហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកិច្ចការអ្វីនោះត្រូវធ្វើសំណុំលិខិតក៏ដូចជាសំណើទៅតាមភូមិឃុំស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់មិនត្រូវធ្វើរំលងរដ្ឋបាលខេត្តនោះឡើយពីព្រោះថាការដោះស្រាយគឺថ្នាក់ក្រោមជាអ្នករៀបចំសំណុំឯកសារទៅតាមផ្លូវច្បាប់។