នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ និងការពង្រឹងសមត្ថភាពក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ របស់រដ្ឋបាលឃុំ សង្កាត់ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រី នាយិកា នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ទាំង៨ ប្រធានការិយាល័យផែន និងគាំទ្រឃុំ សង្កាត់ នៃរដ្ឋបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ-ចៅ សង្កាត់ ទាំង៨០ សរុបចំនួន ១១៣នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះគឺមានគោលបំណងធ្វើការផ្សព្វផ្សាយអំពីការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឲ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្របតាមគោលការណ៍ នីតិវិធី និងបទដ្ឋានបច្ចេកទេស ដែលបានណែនាំសម្រាប់ការ អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។
ជាមួយនេះ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់នេះ គឺជាកិច្ចការសំខាន់បំផុតដែលបម្រើឲ្យផលប្រយោជន៍ផ្ទាល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយកាលពីកិច្ចប្រចាំខែរបស់រដ្ឋបាលខេត្ត ឯកឧត្ដមអភិបាលខេត្តក៏បានក្រើនរំឮក និងណែនាំឲ្យគ្រប់អង្គភាពពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឲ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេស យកចិត្តទុកដាក់សាងសង់ដោយគិតគូរពីគុណភាពជាចម្បង ដូច្នេះក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមសូមផ្ដាំផ្ញើដល់រដ្ឋបាលឃុំ សង្កាត់ទាំងអស់ត្រូវពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌនានា ដែលមានចែងក្នុងកិច្ចសន្យា រវាងមេឃុំ ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ជាមួយក្រុមហ៊ុន/អ្នកទទួលការ ដោយត្រូវចុះធ្វើការតាមដាន ត្រួតពិនិត្យ ឲ្យបានជាប់ជាប្រចាំនៅក្នុងអំឡុងពេល ដែលក្រុមហ៊ុន/អ្នកទទួលការកំពុងអនុវត្ត(សាងសង់)គម្រោង ដើម្បីធានាបានទាំងបរិមាណ និងគុណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងលក្ខខណ្ឌនានា ដែលមានចែងក្នុងកិច្ចសន្យា។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍សុំការអន្តរាគមន៍ពីមន្ត្រីគាំទ្របច្ចេកទេសខេត្ត ដើម្បីចុះទៅជួយគាំទ្រផ្នែកបច្ចេកទេស ឲ្យបានទាន់ពេលវេលា ហើយមេឃុំ ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ត្រូវចេញមុខធ្វើការបកស្រាយបំភ្លឺជូនសាធារណមតិ ក៏ដូចជាសាធារណជន អំពីចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាឃុំ សង្កាត់ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងទិសដៅបម្រើផលប្រយោជន៍សាធារណៈ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែកចំពោះមន្ត្រីគាំទ្របច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ប្រចាំក្រុង ស្រុក នីមួយៗ ក៏ត្រូវចុះទៅធ្វើការតាមដាន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានញឹកញាប់ផងដែរ ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាមេឃុំ ចៅសង្កាត់ ដែលជាម្ចាស់ថវិកា/ម្ចាស់គម្រោង ដើម្បីធានាថាការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ទាំងអស់បានត្រឹមត្រូវតាមកិច្ចសន្យា ដែលធានាបានទាំងបរិមាណ និងគុណភាព សម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅមូលដ្ឋាន៕