រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី “ការផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត”

  • 451
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក សុខ សាគុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី “ការផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន”ដែលពិធីនេះធ្វើឡើងនៅបរិវេណ នៃសាលប្រជុំ របស់លេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយភាពរលូនល្អ ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីជាធរមាន ជាពិសេសដើម្បីធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ រួមមានដូចខាងក្រោម ៖១.អភិបាលក្រុង ស្រុក ត្រូវជំរុញ និងពិនិត្យតាមដានជាប់ជាប្រចាំលើការបំពេញភារកិច្ចរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ នៅក្នុងដំណើរការចែកលិខិតអញ្ជើញ ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ឱ្យបានត្រឹមត្រូវ ។

២.អភិបាលក្រុង ស្រុក ត្រូវជំរុញ និងណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ឱ្យផ្សព្វផ្សាយបន្តអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ។ ដោយឡែក ចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំ (កើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦) និងអ្នកដែលបានផ្លាស់ទីលំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ ត្រូវអញ្ជើញពួកគាត់មកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ហើយចំពោះអ្នកដែលទើបទទួលបានអត្តសញ្ញាណប័ណ្ណប្រភេទថ្មី និងខុសឈ្មោះ ទិន្នន័យ ត្រូវមកជួប ក.ច.ប ដើម្បីស្នើសុំផ្លាស់ប្ដូរឯកសារ និងកែតម្រូវឈ្មោះ ទិន្នន័យ តាមនីតិវិធីដែល គ.ជ.ប ។

៣.អភិបាលក្រុង ស្រុក ត្រូវពិនិត្យតាមដាន ជំរុញ និងណែនាំក្រុមប្រឹក្សា និងស្មៀនឃុំ សង្កាត់នៅក្រោមឱវាទរបស់ខ្លួនឱ្យអនុវត្តតួនាទី ភារកិច្ច ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

៤.អភិបាលក្រុង ស្រុកត្រូវណែនាំ និងជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិពាក់ព័ន្ធឱ្យបង្កើនការផ្សព្វផ្សាយការអប់រំ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទទួលបានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរួចហើយ ឱ្យមកជួបក្រុមចុះឈ្មោះបោះឆ្នោតស្នើសុំផ្លាស់ប្ដូរឯកសារចុះឈ្មោះ បោះឆ្នោតអស់សុពលភាព ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

៥.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបន្តពិនិត្យតាមដាន និងជំរុញអធិការដ្ឋាននគរបាលក្រុង ស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ លើការងារមួយចំនួនរួមមាន ៖ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនប្រជាពលរដ្ឋដែលមាន អ.ខ តែអស់សុពលភាពដែលទើបគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ តែមិនទាន់មាន អ.ខ ប្រភេទថ្មី និងការផ្ដល់សេវាសាធារណៈលើការចេញលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្ន (ក៩) ដោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ ក្នុងគោលដៅបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ។

៦.ស្នងការដ្ឋាននគរបាលខេត្ត ត្រូវជំរុញ និងពន្លឿនការផ្ដល់អត្តសញ្ញាណប័ណ្ណប្រភេទថ្មីជូនប្រជាពលរដ្ឋដែលក្រុមការងារបានចុះធ្វើផ្ទាល់នៅតាមមូលដ្ឋាន ។៧.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តផ្ដល់កិច្ចសហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ឱ្យបានល្អប្រសើរ ។

៨.គ្រប់មន្ទីរទាំងអស់ចំណុះរដ្ឋបាលខេត្តស្វាយរៀង ត្រូវធ្វើការផ្សព្វផ្សាយបន្តដល់មន្ត្រី បុគ្គលិកក្រោមឱវាទរៀងៗខ្លួន ក៏ដូចជាសិស្ស និស្សិតផងដែរ និងត្រូវជំរុញពួកគាត់ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ។

៩.ចំពោះមន្ទីរព័ត៌មានខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហការល្អជាមួយ ល.ខ.ប ក្នុងការជួយផ្សព្វផ្សាយលើការងារពាក់ព័ន្ធ តាមរលកធាតុអាកាសវិទ្យុជាតិរំដួលស្វាយរៀង ទូរទស្សន៍ជាតិរំដួលស្វាយរៀង អោយទូលំទូលាយដល់ប្រជាពលរដ្ឋ។

១០.គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរៀងៗខ្លួន ឱ្យបានត្រឹមត្រូវដោយឈរលើមូលដ្ឋានច្បាប់បោះឆ្នោត បទបញ្ជា និងនិតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំនានារបស់ គ.ជ.ប ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ៖ លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក តំណាងកងកម្លាំងទាំង៣ តំណាងគណបក្សនយោបាយ តំណាងសសយកខេត្ត មន្ទីរ-អង្គភាពនានា ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង