នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាប្រជុំនន្ទី សាលាខេត្ត បានរៀបចំកិច្ចប្រជុំ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមរបស់រដ្ឋបាលខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានៈ លោក លោកស្រីក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុកគោលដៅទាំង៦ រួមមាន ក្រុងស្វាយរៀង ក្រុងបាវិត ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុកស្វាយជ្រំ។ ក្នុងនោះ ក៏មានការចូលរួមផងដែរ ពីមន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុកគោលដៅទាំង៦ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកគោលដៅទាំង៦ លោក លោកស្រីប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃក្រុង ស្រុកគោលដៅទាំង៦ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សរុប ចំនួន ៣២ នាក់។