នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣ តាមដងផ្លូវលំក្រាលខ្សាច់ភ្នំ ស្ថិតនៅភូមិតាជៃ និងភូមិវាល្ងេីត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល អភិបាលរងស្រុកមន្ត្រីរាជការសាលាស្រុក ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៣៥៧អង្គ/នាក់ ។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្តបានថ្លែងថា ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ និង ឆ្នាំ២០២១ ដែលប្រទេសជាតិយើងខកខានមិនបានរៀបចំពិធីរុក្ខទិវា ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ គឺព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៃយើង ទ្រង់តែងតែយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវានេះនៅតាមបណ្ដាខេត្ត ហើយនៅក្នុងឆ្នាំនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់នឹងយាងជាព្រះរាជាធិប-តីភាពដ៏ខ្ពង់ខ្ពង់បំផុតក្នុងពិធីបុណ្យរុក្ខទិវានេះ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។
ឯកឧត្តមបន្ថែមថា ដើម្បីជាការចូលរួមអបអរសាទរឲ្យបានកាន់តែផុលផុស និងអធិកអធម នៅឆ្នាំ២០២៣នេះ ក៏ជាលើកទី៣២ហើយ ដែលខេត្តស្វាយរៀងយើង បានចាត់តាំងរៀបចំប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ការថែរក្សាសម្បត្ដិព្រៃឈើ និងបណ្តុះគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ក៏ដូចជាដើម្បីរំលឹកដល់ស្នាដៃដ៏ឧត្ដុង្គឧត្ដមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកទឹកព្រះទ័យទុកដាក់ក្នុងចលនាដាំដើមឈើ សម្រាប់ជាប្រយោជន៍ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យបានយល់ច្បាស់ពីគុណសម្បត្តិ នៃការដាំដើមឈើ និងនាំគ្នាដាំដើមឈើឲ្យបានគ្រប់ទីកន្លែងដែលមានដីទំនេរ ជាពិសេសនៅតាមតំបន់ និងទីតាំងដែលមានការអភិវឌ្ឍ និងរៀបចំថ្មី ដូចដែលយើងទាំងអស់គ្នាកំពុងប្រារព្ធធ្វើនៅទីនេះ ។
នៅចុងបញ្ចប់នៃពិធីនេះ ឯកឧត្ដមអភិបាលខេត្តបានឧបត្ថម្ភដល់ការជួសជុលសាលារៀនរួមមាន៖
- សាលាបឋមសិក្សាតាជៃ ស្ថិតនៅភូមិតាជៃ 14,450,000 រៀល។
- សាលាបឋមសិក្សាជិស្សារារ័ង្សី ស្ថិតនៅភូមិជៀសឬស្សី ចំនួន 16,400,000រៀល
- ចំណាយសម្រាប់ពិធីចំនួន១លានរៀល ព្រមទាំងបានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមផងដែរ ៕