នៅរសៀលថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានដឹកនាំប្រតិភូខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំសហប្រតិបត្តិការ វិស័យអប់រំ បណ្ដុះបណ្ដាល និងនិស្សិតមកសិក្សានៅសាកលវិទ្យាល័យគូវឡុង ខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះមានការចូលរួមពី លោកប្រធានសុខាភិបាលនៃរដ្ឋបាលខេត្ត និងសហការី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត មាតា បិតា អាណាព្យាបាល និងនិស្សិត ប្រតិភូសាកលវិទ្យាល័យគូវឡុងដឹកនាំដោយលោកសាស្រ្តាចារ្យ Luong Minh Cu សាកលវិទ្យាធិការ សាកលវិទ្យាល័យគូវឡុង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មកជូនដល់ប្រតិភូសាកលវិទ្យាល័យគូវឡុង។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានបានផ្ដាំផ្ញើដល់និស្សិតដែលមកសិក្សា ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ នឹងទទួលបានជោគជ័យក្នុងការសិក្សាមួយនេះ។