រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដម​ រស់​ ផារិទ្ធិ បានអញ្ជេីញចូលរួមក្នុងវេទិកាឆ្លុះបញ្ចាំងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម

  • 205
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ​ ឯកឧត្ដម​ រស់​ ផារិទ្ធិ​ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ដែលមានអ្នកចូលរួមសរុប ៣៨៦នាក់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍សំដែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងអង្គការដៃគូ អង្គការទស្សនៈពិភពលោក អង្គការស្តារកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធផ្សេងៗទៀត ព្រមកទាំងអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសង្គម សហគមន៍(CAF) ដែលមានកិច្ចសហប្រតិបត្តការល្អក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅក្នុងខេត្តស្វាយរៀងបានល្អប្រសើរ សំដៅលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ពិសេសសេវារដ្ឋបាលរបស់រដ្ឋបាលឃុំ សង្កាត់ សេវាមណ្ឌលសុខភាព និងសាលាបឋមសិក្សា សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ និងបរិយាប័ន្ន លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្ដម​បន្ថែមថា​ ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានដាក់ចេញនូវកម្មវិធីកំណែទម្រង់នានារួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានាជាច្រើនទៀត ក្នុងនោះខ្ញុំក៏បានបញ្ជាក់ជូនផងដែរថា ការងារគណនេយ្យភាពសង្គម (ISAF) គឺជាការងារមួយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល នៃកម្មវិធីវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន ក្នុងការដឹកនាំសម្របសម្រួល សំដៅជំរុញ និងលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន តាមរយៈការជំរុញ និងលើកកម្ពស់ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅរដ្ឋបាលឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដែលបច្ចុប្បន្នផ្តោតសំខាន់ទៅលើសេវាចំនួន៣ រួមមាន សេវារដ្ឋបាលរបស់រដ្ឋបាលឃុំ សង្កាត់ សេវាមណ្ឌលសុខភាព និងសេវាសាលាបឋមសិក្សា សំដៅបង្កើនការជឿជាក់មកលើការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ នៃកត្តាសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទទាក់ទង