ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣ខាងមុខតាមការគ្រោងទុក
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា ។
ពិធីនេះក៏មានការចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមដោយវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។
កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ ទន្ទឹមនេះ កិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្ត ក្រោមក្របខណ្ឌច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា "ខ" និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។ ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង PPP។
សូមជម្រាបជូនថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕
channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibol
រដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin