រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម យឹម ឆៃលី បានអញ្ជេីញចូលរួមក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៦ នៅខេត្តស្វាយរៀង

  • 314
  • ដោយ Admin

នៅរសៀលថ្ងៃអាទិត្យ​ ៤រោច​ ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី០៩​ ខែមេសា​ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិ​បាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺរួមគ្នាបង្កើតការងារជូនពលរដ្ឋខ្មែរ” និងពិព័រណ៌ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ នៅខេត្តស្វាយរៀង ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រីគណៈប្រតិភូគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុងស្វាយរៀង ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនផលិតករ អាជីវករ សិប្បករ ពាណិជ្ជករ សិស្សានុសិស្ស និងមន្រ្តីពាក់ព័ន្ធ ចំនួន ៣៨០នាក់។

មានប្រសាសន៍ស្វាគមន៍ទៅកាន់ពិធីនេះ​ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា​ អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណលើគ្រប់ដំណាក់កាល របស់ រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស រួមនឹងសក្ដានុពលរបស់ខេត្ត ជាពិសេសមូលដ្ឋានគ្រឹះ នៃសុខសន្តិភាព បានធ្វើឲ្យខេត្តស្វាយរៀង ដែលធ្លាប់ជា អតីតតំបន់សមរភូមិទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីរបបប្រល័យ ពូជសាសន៍ប៉ុលបានប្រែក្លាយយ៉ាងឆាប់រហ័សទៅជាខេត្តឧស្សាហកម្មមួយដ៏សំខាន់ ដែលរហូត មកដល់បច្ចុប្បន្ននេះ នៅទូទាំង ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១២កន្លែង កំពុងដំណើរការ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន ចំនួន ២៦៤កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និង សិប្បកម្ម សរុបរហូតដល់ ៣.៣២៨មូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់ ដែលបានរួមចំណែកក្នុងការកាត់ បន្ថយការធ្វើចំណាក ស្រុ ក ទៅរកការងារធ្វើនៅក្រៅខេត្ត និងបង្កើនប្រាក់ចំណូល លើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឲ្យ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែមេសា រួមគ្នានឹងយុទ្ធនាការនានាដែលបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំ ដូច ជា យុទ្ធនាការទិញផលិតផលខ្មែររបស់ក្រសួង ពាណិជ្ជកម្ម បុណ្យសមុទ្រ និងបុណ្យទន្លេ និងការរៀបចំពិព័រណ៍នានានៃផលិតផលក្នុងស្រុក ជាដើម ។

ឯកឧត្តមបន្តថា​ ការខិតខំទាំងអស់នេះ គឺពិតជាសកម្មភាពមួយរស់រវើកចូលរួមចំណែកពង្រឹងនិងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជាសម្រេច បាន នូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។​ ទន្ទឹមនេះការជ្រេីសរើសយកខែមេសា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្នុងខែមេសា ពីព្រោះខែនេះជារដូវកាលដែលបងប្អូនប្រជាជនយើងរីករាយ ក្នុងការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិ របស់យើង និងជាឱកាសជួបជុំញាតិមិត្តបងប្អូន ឪពុកម្តាយ ជីដូនជីតា និងនាំគ្នាទៅវត្តប្រគេនចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគផ្សេងៗថ្វាយព្រះសង្ឃ និងម្ហូបអាហាររបស់របរប្រើប្រាស់ហូបចុកនានាជូនទៅមាតាបិតា ជីដូន ជីតា បងប្អូនជាញាតិសន្តាននៅស្រុកកំណើតរបស់ខ្លួន ដែលនេះគឺជាប្រពៃណីបរមបុរាណរបស់ប្រជាជនយើង។ ក្នុងនោះក៏ជាគោលដៅជម្រុញដល់ប្រជាជនយើងបានសប្បាយរីករាយក្នុងការដើរទស្សនាពិព័រណ៍ផលិតផលចម្រុះ ដ៏សម្បូរបែបរបស់បងប្អូនផលិតករខ្មែរដែលបានយកមកតាំងបង្ហាញ និងលក់ ហើយយើងនាំគ្នាទិញផលិតផលខ្មែរសម្រាប់កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើង និងទិញជាទៀងទាត់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់កម្មវិធីបុណ្យទានផ្សេងៗ និងកម្មវិធីនានាយ៉ាងច្រើនក្នុងមួយឆ្នាំៗ ។

អត្ថបទទាក់ទង