នៅព្រឹកថ្ងៃសុក្រ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ចើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅប្រចាំឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ។
អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធាន មន្ទីរពាក់ព័ន្ធនានា លោក-លោកស្រី អភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាពក្រោមឱវាទរបស់មន្ទីរសុខាភិបាលខេត្ត លោក លោកស្រី ប្រធាន និងតំណាងអង្គការដៃគូ និងសមាជិក សមាជិការ។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមបានថ្លែងថា សមិទ្ធផលសុខាភិបាលសង្ខេបឆ្នាំ២០២២ របស់លោកប្រធានមន្ទីរ បានបង្ហាញឲ្យយើងឃើញពីសមិទ្ធផលយ៉ាងច្រើនដែលមន្ទីរសុខាភិបាលសំរេចបាន ក្នុងការលើកកម្ពស់គុណភាព វិស័យសុខាភិបាលក្នុងខេត្ត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ទុកសុខភាពប្រជាពលរដ្ឋ គឺជាកត្តាចម្បង សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស វឌ្ឍនភាពសង្គម និង សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ” ។
ឯកឧត្តមបន្ថែមថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្តទទួលបានជោគជ័យបន្ថែមទៀតមន្ទីរសុខាភិបាលត្រូវបន្តអនុវត្តកិច្ចការដូចខាងក្រោម៖
១.ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់។
២.វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការណ៍គ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
៣.មន្ទីរសុខាភិបាលត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាពសេវាទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន និងអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។
៤.ទប់ស្កាត់ការរីករាលដាលវិលត្រឡប់នៃជំងឺកូវីដ-១៩ ដោយសហការណ៍ជាមួយអាជ្ញាធរដែនដី ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ អង្គភាពនានាជុំវិញខេត្ត ដើម្បីស្រង់ស្ថិតិមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រៀបចំផែនការចុះចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនដល់ប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា។
៥.ត្រូវរៀបចំផែនការដោយបង្កើនវិភាជន៍ថវិកាជាតិ សម្រាប់ការថែទាំសុខភាពព្រមទាំងអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសុខភាពសង្គមមួយដែលធានាថាប្រជាពលរដ្ឋគ្រប់រូបទោះមាន ឬគ្មានលទ្ធភាពបង់ថ្លៃសេវារស់នៅទីណាក៏ដោយត្រូវ ទទួលបានសេវាថែទាំសុខភាព និងមានគុណភាពនៅពេលត្រូវការ។
channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibol
រដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin