នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានញ្ជេីញចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ នៅខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថ្នាក់ដឹកនាំត្រូវមានសមត្ថភាព និងប្រជាប្រិយភាព យើងជាស្ត្រីត្រូវចេះប្រើសិទ្ធិ និងសិល្បៈនៃការដឹកនាំ យល់អំពីច្បាប់ឱ្យបានច្បាស់លាស់ ហើយកិច្ចការងារទាំងអស់នេះទាមទារឱ្យខិតខំរៀនសូត្រពង្រឹងសមត្ថភាពបន្ថែមទៀត។ ទន្ទឹមនោះអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់លាស់ក្នុងពេលបំពេញភារកិច្ច និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ រៀបចំឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការសម្របសម្រួលពីរដ្ឋបាលខេត្តស្វាយរៀង។
ប្រធានបទនៃសិក្ខាសាលានេះបានលើកឡើងអំពីសេចក្តីសង្កេតសន្និដ្ឋាន ៥៧ចំណុច និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបានកន្លងមក ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធិជាមូលដ្ឋានរបស់នារី និងកសាងផែនការសកម្មភាពបន្តអនុវត្ត។
ឯកឧត្តម ខៀវ កាញារឹទ្ធ និងលោកជំទាវបានផ្តល់នូវ Camera Video កម្រិត 4K ជូនដល់មន្ទីរព័ត៌មានខេត្តចំនួន៦ ទុកសម្រាប់បំពេញការងារយកព័ត៌មានតាមបណ្តាខេត្តនីមួយៗផងដែរ៕
channel telegrame ឯកឧត្តមអភិបាលខេត្តhttps://t.me/menvibol
រដ្ឋបាលខេត្តស្វាយរៀង៖ https://t.me/svayriengAdmin