នៅព្រឹកថ្ងៃអាទិត្យ១៤កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមអមដំណេីរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជេីញចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ៣០០ហិចតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេីម្បីរៀបចំសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រុញដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា ផ្លូវ ទឹកស្អាតសម្រាប់ប្រេីប្រាស់ ភ្លេីងអគ្គិសនីជាដេីម មកកាន់តំបន់នេះ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ សម្តេចតែងតែគិតគូ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យនិងមានជីវភាពល្អប្រសេី។