រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញប្រគល់សញ្ញាបត្រជូនដល់និស្សិតនិស្សិតជ័យលាភីជាង៣ពាន់នាក់នៅសាកលវិទ្យាល័យស្វាយរៀង

  • 264
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ៩កេីត​ ខែមាឃ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងទី៣០​ ខែមករា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​បានអញ្ជេីញចូលរួមជាគណៈអធិតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច​ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិការ​ ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ក្រសួងអប់រំ​យុវជន​ និងកីឡា​ ឯកឧត្តម​ លោកជំទាវ​ប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះមូលដ្ឋានទាំង៨ក្រុង​ ស្រុក​ ឯកឧត្តម​ លោកជំទាវ​ ឧកញ៉ា​ លោក​លោកស្រី​ ជាភ្ញៀវកិត្តិយស​ ឯកឧត្តម​ លោក​ លោកស្រីសមាជិក​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ ថ្នាក់ដឹកនាំ​បុគ្គលិកអប់រំ​ និងនិស្សិតជ័យលាភីទាំងអស់សរុបចំនួន៣,១៨៩អង្គ/នាក់​។

មានប្រសាសន៍ទៅកាន់ពិធីនេះលោកជំទាវបានពាំនាំនូការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយការនឹករលឹក និង ការគិតគូរដល់ប្រជាពលរដ្ឋខ្មែរគ្រប់បែបយ៉ាង ។

នៅក្នុងកម្មវិធីនោះផងដែរ លោកជំទាវបានធ្វើការផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣ ។ លោកជំទាវបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។

លោកជំទាវក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ

១-ត្រូវបន្តការសិក្សាពេញមួយជីវិត

២-ត្រូវចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ

៣-ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម

៤-ត្រូវខិតខំចូលរួមបង្កើតស្នាដៃថ្មីឱ្យសង្គមជាតិយើង

៥-ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត

៦-ត្រូវចេះតបស្នងគុណក្នុងឱកាសនោះផងដែរ លោកជំទាវក៏បាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន ចំនួន ១០លានរៀល និង ៦.០០០$ ប្រគល់ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដើម្បីចាត់ចែងក្នុងកម្មវិធី ។ ចំណែកឯ និស្សិតជ័យលាភី ៣.១៨៩អង្គ⁄នាក់ ក្នុង១អង្គ⁄នាក់ ទទួលបានថវិកា ២ម៉ឺនរៀល៕

អត្ថបទទាក់ទង