រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co., Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេស​មេនហាតធេន​ក្រុងបាវិត

  • 753
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ​ ៥កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី៣០ កញ្ញា ២០២២នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធ រោងចក្រ RMKH Glove (Cambodia) Co., Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​មេនហាតធេន​ក្រុងបាវិត​ក្រោមអធិបតីភាពឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ព្ធជេីងគោគ​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យ បែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។

ឯកឧត្តមចាត់ទុកថា «ទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូប នៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។

«ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ នៅក្នុងសកលលោក ជាមួយនឹងអត្រាកំណើនជាមធ្យមប្រមាណជាង ៧% ក្នុងមួយឆ្នាំ។ អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជាបានងើបចេញពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពីប្រមាណ ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨ % ប៉ុណ្ណោះក្នុងឆ្នាំ២០២០។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងសម្រេចបាននូវសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ឯកឧត្តមបន្តថា សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស ដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖

* ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ។

* ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់បម្រើឱ្យគោលដៅនេះ៕

អត្ថបទទាក់ទង