លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែក អំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ខណៈដែលសាលារៀនត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អំណោយដែលបានផ្តល់ជូននាពេលនេះ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣ បន្ទះ ថវិកាចំនួន ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះមធ្យមក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣ បន្ទះ ថវិកាចំនួន ៥០,០០០ រៀល ឧបត្ថម្ភដល់អ្នករបួស ថវិកា ២០០,០០០ រៀល ។
គ្រួសាររងគ្រោះតិចតួចក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះ ឡើងវិញ និងប្រគេនដល់ព្រះសង្ឃ អង្ករ ៥០ គ.ក្រ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទានមួយឈុតនិងបច្ច័យ ២០០,០០០ រៀល ។ ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល អ្នករងគ្រោះមធ្យមក្នុង ១ គ្រួសារ ថវិកា ៤០,០០០ រៀល អ្នករងរបួស ថវិកា ២០០,០០០ រៀល ប្រគេនដល់ព្រះសង្ឃវត្តក្រសាំង សម្រាប់ចូលបុណ្យ កឋិនទាន ថវិកា ១ លានរៀល ៕